កិច្ចប្រជុំកំពូលអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានត្រូវបានបើកដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានចាប់ផ្តើមនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅព្រឹកថ្ងៃពុធ សប្តាហ៍នេះ ហើយរបៀបវារៈសំខាន់នៃកិច្ចប្រជុំកំពូលនៅក្នុងឆ្នាំនេះ គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ក្រៅពីនោះ គឺការជំរុញភាពជាដៃគូសន្ទនាផ្សេងទៀតនៅអាស៊ីបូព៌ា និងអូសេអានី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
កិច្ចប្រជុំកំពូលអាស៊ាន
ដោយ

មេដឹកនាំមកពីបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានបើកកិច្ចប្រជុំកំពូលនៅថ្ងៃពុធ សប្តាហ៍នេះ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ និងឈានដល់ដៃគូសន្ទនាផ្សេងទៀតនៅអាស៊ីបូព៌ា និងអូសេអានី។ របៀបវារៈស្តីអំពីកិច្ចសហប្រតិបត្តិការសដ្ឋកិច្ចនិងសន្តិសុខតំបន់នេះ គឺជារឿងចាំបាច់បំផុតសម្រាប់អាស៊ាន ដើម្បីឱ្យធ្វើយ៉ាងណាឱ្យប្លុកនេះអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ខណៈដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាសកលដែលពិបាកនឹងព្យាករណ៍ ដោយរួមទាំងបញ្ហាហិង្សាផ្ទៃក្នុងពាក់ព័ន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា និង បញ្ហានៅសមុទ្រចិនខាងត្បូង រួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

មេដឹកនាំអាស៊ាននឹងពិនិត្យមើលឡើងវិញលើផែនការសន្តិភាព ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុច កាលពីឆ្នាំ២០២១ ដោយរួមទាំងការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ការបង្កើតកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ការបញ្ជូនបេសកជនពិសេសអាស៊ាន ដើម្បីជួយសម្រួលដល់កិច្ចចរចាសន្តិភាព ការផ្តល់ជំនួយមនុស្សធម៌ និងការបញ្ជូនបេសកជនពិសេសទៅជួបភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលនេះក៏នឹងផ្តោតលើការឆ្ពោះទៅមុខជាមួយនឹងការពិភាក្សាលើក្រមប្រតិបត្តិសម្រាប់តំបន់សមុទ្រចិនខាងត្បូង ដែលបាននិងកំពុងធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយ ស្របពេលដែលទំនាក់ទំនងរវាងប្រទេសចិន និងហ្វីលីពីនកំពុងតែកើនកម្តៅ។

លោក ជូលីអូ អាម៉ាឌ័រ (Julio Amador) នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មស្រាវជ្រាវ Amador នៅក្នុងប្រទេសហ្វីលីពីនជឿជាក់ថា កិច្ចប្រជុំកំពូលនេះទំនងជានឹងដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំងលើបញ្ហាសេដ្ឋកិច្ច និងភាពធន់ ដោយផ្តោតលើភាពបើកចំហរក្នុងតំបន់សម្រាប់ការវិនិយោគបរទេស ជាពិសេសពីប្រទេសចិន ជាមួយនឹងបញ្ហាការការពារសន្តិសុខសំខាន់ៗ។

សម្រាប់អ្នកជំនាញរូបនេះ បញ្ហាសេដ្ឋកិច្ច និងសន្តិសុខ គឺពិតជាចាំបាច់បំផុតសម្រាប់កិច្ចប្រជុំអាស៊ាន ដែលមានឡាវជាអ្នកសម្របសម្រួលនៅឆ្នាំនេះក្នុងថានៈជាប្រធានប្តូវេន ដែលត្រូវចរចារ និងពិភាក្សាមិនត្រឹមតែជាមួយនឹងអាស៊ានខ្លួនឯងទេ តែជាមួយនឹងដៃគូសន្ទនាផ្សេងទៀត រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី ឥណ្ឌា សហរដ្ឋអាម៉េរិក និងកាណាដា។

លោក នីខនដេ បាឡានគូរ៉ា (Nikorndej Balankura) អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងថា អាស៊ាន និងដៃគូសន្ទនានឹងពិភាក្សាគ្នាលើបញ្ហាមួយចំនួន រាប់ចាប់ពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អាស៊ាន និងសាមីប្រទេសនីមួយៗ។ លោកបានបន្ថែមថា ប្រទេសថៃ ក៏មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយប្រទេសអាស៊ានមួយចំនួន ជាពិសេសប្រទេសសមាជិកតាមដងទន្លេមេគង្គ ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគ្រប់គ្រងធនធានទឹកតាមដងទន្លេឱ្យមានប្រសិទ្ធភាព និងសមស្រប៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា

កិច្ចពិភាក្សាតុមូល និងវគ្គសំណួរចម្លើយពីអ្នកចូលរួម នឹងការដាក់ឱ្យប្រើប្រាស់វិធីពន្យាកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្លាយទៅ…

កម្ពុជា-ឡាវប្តេជ្ញាពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍

ថ្នាក់ដឹកនាំកម្ពុជា-ឡាវបានបង្ហាញការសាទរចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ