ការលក់រថយន្តថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងសិង្ហបុរីមានចំនួនសរុបជិត ៣ លានគ្រឿងកាលពីឆ្នាំ២០២១ កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២០ ដែលក្នុងនោះប្រទេសឥណ្ឌូនេស៊ីមានការលក់កើនឡើងខ្ពស់ជាងគេដល់ទៅ ៦៧% ឯណោះ។ ក៏ប៉ុន្តែសរុបជារួមនៅតែមានតិចជាង ២០% កាលពីឆ្នាំ ២០១៩ នៅគ្រាមុនពេលជំងឺរាតត្បាតបានផ្ទុះឡើង។
ទោះយ៉ាងណាបើតាមអ្នកជំនាញ ដោយសារការរឹតត្បិត COVID-19 កាន់តែតឹងរ៉ឹងនៅក្នុងតំបន់ទាំងមូល និងការរអាក់រអួលផលិតកម្មដែលបណ្តាលមកពីកង្វះខាតបន្ទះឈីប ស្របជាមួយនឹងការកើនឡើងនៃមេរោគរាតត្បាត បំប្លែងថ្មី អូមីក្រុងផងនោះ បានធ្វើឲ្យការលក់រថយន្តថ្មី ទំនងជាមិនត្រលប់មករកកំណើនខ្ពស់នោះទេសម្រាប់ឆ្នាំ២០២២នេះ។
ប្រទេសឥណ្ឌូនេស៊ី បានវ៉ាដាច់ប្រទេសថៃដើម្បីក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់ការលក់រថយន្តថ្មីនៃប្រទេសសេដ្ឋកិច្ចធំៗទាំង ៦នៅអាស៊ាន ដោយបានលក់រថយន្តថ្មីបានចំនួនប្រមាណ ៩ សែន គ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះ ក្រុមហ៊ុន Toyota Motor មានចំណែកទីផ្សារធំជាងគេដល់ទៅ ៣០% បន្ទាប់មក គឺ Daihatsu Motor និង Mitsubishi Motors។
គួរបញ្ចាក់ថា មុនការរាតត្បាតនៃជំងឺ Covid-១៩ រថយន្តថ្មីត្រូវបានលក់ចេញប្រមាណ ១ លានគ្រឿងក្នុងឆ្នាំ ២០១៩ ក្នុងប្រទេសឥណ្ឌូនេស៊ី ។
ដោយឡែកបើក្រឡេកមើលនៅប្រទេសថៃវិញ ការលក់រថយន្តថ្មីបានធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់គ្នាមកនៅត្រឹមជាង ៧ សែន គ្រឿងប៉ុណ្ណោះ ដែលបានធ្លាក់ចុះ ៤ ភាគរយ។ កាលពីឆមាសទី១ ឆ្នាំ២០២១ ការលក់រថយន្ដថ្មីរបស់ថៃបានកើនឡើងវិញបណ្ដើរៗ ហើយ ប៉ុន្តែក៏ថមថយសន្ទុះមកវិញ បន្ទាប់ពីការបិទខ្ទប់នៅទីក្រុងបាងកក និងទីក្រុងផ្សេងទៀតក្នុងខែកក្កដា។ ស្របពេលជាមួយគ្នានោះដែរ ការធ្លាក់ចុះនេះក៏រួមផ្សំមកពីកង្វះខាតបន្ទះឈីប និងគ្រឿងបន្លាស់រថយន្តផ្សេងទៀត ដែលបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនត្រូវផ្អាកការផលិត។
ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុននាំមុខទីផ្សារក្នុងប្រទេសថៃដែរនោះ បានព្យាករណ៍ថា នៅឆ្នាំ២០២២ការលក់រថយន្តនៅក្នុងប្រទេសនេះ នឹងមានប្រមាណ ៩ សែនគ្រឿង រួមទាំងរថយន្តដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ។ លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota Motor Thailand បានអះអាងថា ឧស្សាហកម្មរថយន្តថៃកំពុង "ផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកភាពប្រក្រតី"។ ប៉ុន្តែដោយសារអំណាចទិញចុះខ្សោយរបស់អតិថិជនចំពេលវិបត្តិកូវីដ១៩អូសបន្លាយយូរ ការលក់ទំនងជាមិនត្រលប់ទៅរកកម្រិតដូចកាលពីឆ្នាំ ២០១៩ ដែលលក់រថយន្តបានដល់ ១ លានគ្រឿងនោះទេ ពោលគឺត្រូវរង់ចាំរហូតដល់ក្រោយឆ្នាំ ២០២៣ទើបអាចសម្រេចបាន។
រីឯនៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន ការលក់បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំ ដោយការលក់រថយន្ដនៅវៀតណាមមាន ៣០ម៉ឺនគ្រឿង កើន៣% និងនៅហ្វីលីពីន មានជាង២៨ម៉ឺនគ្រឿង កើន១៦%។ ដោយឡែក ប្រទេសម៉ាឡេស៊ីវិញ ការលក់រថយន្ដមានការថយចុះ២ឆ្នាំជាប់គ្នាមកហើយ ក្នុងឆ្នាំ២០២១ធ្លាក់ចុះ ៤% មានការលក់រថយន្ដបានជិត៥១ម៉ឺនគ្រឿង។ ក្រុមហ៊ុន ផលិតរថយន្ដនៅម៉ាឡេស៊ីក៏កំពុងជួបញ្ហាដូចក្រុមហ៊ុននៅប្រទេសផ្សេងទៀតដែរ គឺកំពុងតែខ្វះខាតបន្ទះឈីបសម្រាប់ការផលិត ដែលជាកត្តាធ្វើឲ្យការលក់ធ្លាក់ចុះ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន