កិច្ចប្រជុំអាស៊ានចាប់ផ្តើមជាមួយនឹងភាពតានតឹងបន្ថែម ដោយសារផែនទីថ្មីរបស់ចិន!

កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមហើយ ខណៈផែនទីថ្មីរបស់ចិនកំពុងបញ្ឆេះឱ្យមានភាពតានតឹងបន្ថែមក្នុងតំបន់


នៅថ្ងៃអង្គារទី៥នេះ មេដឹកនាំប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហ្សាកាតា ដែលនឹងសាកល្បងអំពីសមត្ថភាព និងការប្រឹងប្រែងរបស់ប្លុកមួយនេះថា តើត្រូវធ្វើយ៉ាងណា ឬឆ្លើយតបបែបណា នៅចំពោះមុខវិបត្តិនៃជម្លោះក្នុងសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។
កិច្ចប្រជុំអាស៊ានចាប់ផ្តើមជាមួយនឹងភាពតានតឹងបន្ថែម ដោយសារផែនទីថ្មីរបស់ចិន!
ដោយ

ថ្មីៗនេះ ប្រទេសចិនក៏ទើបចេញផ្សាយផែនទីជាតិថ្មីរបស់ខ្លួន ដែលបានទាញការប្រឆាំងតវ៉ាផ្នែកការទូតយ៉ាងខ្លាំងពីប្រទេសសមាជិកអាស៊ានដូចជាវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន នីកេ។
ថ្លែងនៅក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលឥណ្ឌូនេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា «បញ្ហាប្រឈមនាពេលអនាគត គឺកាន់តែតឹងតែង» ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អាស៊ានបានព្រមព្រៀងគ្នាថា នឹងមិនឱ្យប្លុកនេះ ក្លាយជាទីលានសម្រាប់មហាអំណាចណាមួយឡើយ ហើយនិងធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាព»។

កិច្ចប្រជុំរយៈបីថ្ងៃនេះ នឹងរួមបញ្ចូលកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដូចជា កិច្ចប្រជុំអាស៊ីបូព៌ា ដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្ដែ ប្រធានាធិបតីអាមេរិកនឹងមិនមានវត្តមានក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកទេ ដោយសម្រេចបញ្ជូនអនុប្រធានាធិបតី គឺលោកស្រីKamala Harris ឱ្យទៅជំនួសវិញ ដោយលោកបៃដិននឹងបំពេញទស្សនកិច្ចនៅវៀតណាមរយៈមួយថ្ងៃ គឺនៅថ្ងៃទី១០កញ្ញាខាងមុខ។

ជុំវិញបញ្ហានេះ លោកស្រី Sharon Seah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន អ៊ីសៀស យ៉ូសូហ្វ អ៊ីហ្សាក (ISEAS-Yusof Ishak) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ថា «អាស៊ានលែងជាវេទិកា ឬជាប្លុកតែមួយគត់ដែលមានទម្ងន់ដូចពេលមុនទៀតហើយ ហើយអំណាចរបស់វាក៏មិនសូវខ្លាំងដូចមុនដែរ ខណៈមានក្រុមតូចៗ និងវេទិកាតូចៗផ្សេងទៀត ក៏មានផ្ដល់ឱកាសស្រដៀងគ្នានេះដែរ»។
យ៉ាងណាមិញ អ្នកការទូតខ្លះទៀតយល់ថា ការសម្រេចមិនចូលរួមរបស់លោកបៃដិននេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនិងការខកចិត្ត សម្រាប់ឥណ្ឌូនេស៊ីដែលធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះ»។ អវត្តមានរបស់បៃដិនកំពុងដាក់ជាសំណួរថា តើអាស៊ាននៅតែសំខាន់សម្រាប់អាមេរិក ឬយ៉ាងណា ស្របពេលដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់។

ទោះបីជា អាស៊ានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិនក៏ដោយ ក៏ប្លុកនេះប្រឈមមុខនឹងបញ្ហាសន្តិសុខមួយចំនួន ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកនេះដែរ ជាពិសេសគឺជម្លោះនៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនៃដែនទឹកដ៏សំខាន់មួយនេះ។ បន្ថែមលើភាពតានតឹងនេះ ប្រទេសចិនថ្មីៗនេះក៏បានបង្ហាញផែនទីថ្មីរបស់ខ្លួន ដែលរួមបញ្ចូលដែនទឹកដែលកំពុងមានជម្លោះជាមួយហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ចូលជាដែនទឹកផ្តាច់ខ្លួន ផ្ទុយពីការសម្រេចរបស់តុលាការអន្តរជាតិ។

ក្រៅពីបញ្ហានេះ អាស៊ានក៏នឹងត្រូវប្រឈមមុខនឹងវិបត្តិមីយ៉ាន់ម៉ា ដែលដោះស្រាយមិនចេញជាងពីរឆ្នាំមកនេះ។ គោលការណ៍ព្រមព្រៀងប្រាំចំណុចដែលដាក់ចេញឱ្យអនុវត្ត ដើម្បីបញ្ចប់ហិង្សា និងបែរមកការសន្ទនារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងជាងពីរឆ្នាំមកនេះ គេមិនឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាស់ណាទេ។ បន្ថែមពីលើបញ្ហាសន្តិសុខ កិច្ចប្រជុំកំពូលនៅឆ្នាំនេះ នឹងក្លាយជាព្រឹត្តិការណ៍ដំបូងគេ ដែលធ្វើឡើងជំរុញបន្ថែមមួយកម្រិតទៀត ឱ្យទៅជា «វេទិកាឥណ្ឌូប៉ាស៊ីហ្វិកអាស៊ាន» ដែលនឹងចូលរួមជាមួយរដ្ឋាភិបាល និងវិស័យឯកជនក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលបង្កើតគម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍ ពង្រឹងសាធារណមតិ និងឆ្លើយតបព័ត៌មានក្លែងក្លាយ

នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដើម្ប…

លោកគីម ជុនអ៊ុនគ្រោងស្កាត់ទៅជួបលោកពូទីនដល់ផ្ទះ ដើម្បីពិភាក្សាការផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ីសម្រាប់បន្តធ្វើសង្គ្រាម

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ត្រូវបានរាយការណ៍មកថា មានផែនការគ្រោងធ្វើដំណើរទៅប្រទេសរុស្ស៊ី ដើម្បីជួបលោក ពូទីន ដើម្បីពិភាក្សាអំពីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ