ទំនាក់ទំនងចិន-អាមេរិក

លោក​ចូ​បៃ​ឌិន​៖ «ដរាប​ណា​មាន​ខ្ញុំ​ចិន​មិន​អាច​ឈ្នះ​អាមេរិកឡើង​ធ្វើអ្នក​ដឹក​នាំ​ពិភពលោក​ទេ»


ប្រធានាធិបតីអាមេរិក Joe Biden ថ្មីៗនេះ បានប្រកាសក្ដែងៗថា លោកនឹងប្រឹងទប់ប្រទេសចិនមិនឲ្យវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេស មហាអំណាចដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកនោះទេ ដោយលោកប្តេជ្ញាចិត្តថានឹង វិនិយោគធនធានគ្រប់បែបយ៉ាងឲ្យបានច្រើន ដើម្បីធានាថា អាមេរិកនឹងយកឈ្នះនៅក្នុងការប្រកួតប្រជែងរវាងមហាយក្សចិន ពោលគឺមិនឲ្យចិនមកដណ្ដើមកៅអីមហាអំណាចទី១ក្នុងលោករបស់ខ្លួនបានឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រនាធិបតីសហរដ្ឋអាមេរិក លោក Joe Biden
ដោយ

លោក ចូ បៃឌិនបានរំឭកថា លោកបានចំណាយពេលជាច្រើនម៉ោងជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន គ្រាដែលលោកមានតួនាទីជាអនុប្រធានាធិបតីអាមេរិកក្នុងអាណត្តិលោក បារាក អូបាមា។ លោកព្យាយាមពន្យល់ទៅភាគីចិនថា លទ្ធិប្រជាធិបតេយ្យទើបជា គន្លឹះឆ្ពោះទៅអនាគតដ៏ល្អជាមួយគ្នា ឯរបបផ្តាច់ការមិនមែនជាជម្រើសល្អនោះទេ។

ប្រធានាធិបតីទី៤៦ របស់អាមេរិករូបនេះ បានបន្តទៀតថា លោកធ្លាប់បានបញ្ជាក់ច្បាស់លាស់ជាមួយចិនហើយថា អាមេរិកមិនចង់មានការប្រឈមមុខដាក់គ្នាជាមួយចិនក្នុងទម្រង់ណាមួយនោះទេ សូម្បីតែយោធា ឫក្នុងវិស័យពាណិជ្ជកម្មក៏ដោយ។ ប៉ុន្តែលោក ចូ បៃឌិន បានបញ្ជាក់ធ្ងន់ៗថា បំណងប្រាថ្នាដែលចិនចង់ក្លាយជាមហាអំណាចធំជាងគេ ដើម្បីដឹកនាំពិភពលោកនោះ គឺមិនអាចទៅរួចទេ ដរាបណាមានលោកនៅជាប្រធានាធិបតីអាមេរិក ហើយអាមេរិកនៅបន្តរីកចម្រើន។ 

ទន្ទឹមនឹងនេះ អាមេរិកបន្តទទូចឲ្យចិនគោរពតាមច្បាប់អន្តរជាតិ ធ្វើការប្រកួតប្រជែងពាណិជ្ជកម្មដោយយុត្តិធម៌ និងស្មើភាពគ្នា ព្រមទាំងគោរពសិទ្ធិមនុស្សផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលអាមេរិកចេញមុខប្រាប់ឲ្យចិនគោរពសិទ្ធិមនុស្ស ប៉ុន្តែចិនថ្មី២នេះ បែរជាបានចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកក្នុងឆ្នាំ២០២០ទៅវិញ។ ដោយក្នុងរបាយការណ៍ពីប្រទេសចិននោះបង្ហាញថា ចិនបានលើកយកបញ្ហាជាច្រើនដែលអាមេរិកជួបប្រទះ រួមមានស្ថានការណ៍ជំងឺកូវីដ-១៩ ដែលមិនអាចគ្រប់គ្រងបាន អស្ថិរភាពនយោបាយ ជម្លោះរវាងជាតិសាសន៍ ការរើសអើងពូជសាសន៍ពណ៌សម្បុរ និងការបែងចែកឋានៈសង្គមជាដើម។ ហេតុការណ៍អុកឡុកវិមានរដ្ឋសភានាថ្ងៃទី៦ ខែមករា និងអំពើហិង្សាបាញ់ប្រហារនានា ក៏ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នោះដែរ។

សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះ ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានប៉ះសម្ដីគ្នាក្នុងកិច្ចប្រជុំពិភាក្សានៅរដ្ឋអាឡាស្កា កាលពីពេលកន្លងទៅ ដែលនេះនៅតែបង្ហាញពីភាពតានតឹងរវាងគូប្រជែងធំៗទាំងពីរដដែល។ យើងនឹងបន្ដតាមមើលបន្ដទៀតថា តើមហាយក្សទាំងពីរនេះ នឹងមានការឆ្លើយតបដាក់គ្នាយ៉ាងណាទៀត ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ កំពុងកាត់ផ្ដាច់កាន់តែឆ្ងាយពីគ្នាទៅៗហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់វិនិយោគលើសពី ៩០ លានដុល្លានឹងចាប់ផ្ដើមឆាប់ៗនេះ

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ ទឹកប្រាក់លើសពី៩០ លានដុល្លាលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្ល…

ធនាគារពិភពព្យាករសេដ្ឋកិច្ចភូមាធ្លាក់ដល់ -១០% ស្របពេលទណ្ឌកម្មថ្មីៗបន្តធ្លាក់មកផ្ទួនៗ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសភូមាត្រូវបានធនាគារពិភពលោកព្យាករថានឹងធ្លាក់ចុះ ដល់-១០% នៅឆ្នាំ២០២១នេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីមានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ