ថ្លែងនៅក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញពីអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្រាប់ប្រទេសឥណ្ឌូនេស៊ី និងតំបន់ រួមទាំងការលើកទឹកចិត្តឲ្យមានប្រព័ន្ធអេកូសម្រាប់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព ការទូទាត់ឆ្លងដែន និងការបង្កើនប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកជាជាងបញ្ហាក្តៅគគុកនានា។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Antara នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក វីដូដូ បាននិយាយថា សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ីបូព៌ាស្តីពីចំណុចមជ្ឈភាពនៃកំណើន គឺជាអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចប្រជុំកំពូលអាស៊ាន។ លោកបានបន្តថា ភាពជាប្រធានប្តូរវេនរបស់ឥណ្ឌូនេស៊ីនៅឆ្នាំនេះបានលើកឡើងក្រោមប្រធានបទ "បញ្ហាអាស៊ាន៖ មជ្ឈភាពនៃកំណើន" ដើម្បីឆ្លុះបញ្ចាំងពីគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យតំបន់នេះកាន់តែរស់រវើក និងមាននិរន្តរភាព ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងការរួមចំណែកដល់ភាពរុងរឿងនៃប្រជាជន៦៨០លាននាក់ដែលរស់នៅក្នុងតំបន់។
បើតាមការអះអាងរបស់លោក ចូកូ វីដូដូ កិច្ចពិភាក្សាបីថ្ងៃមកនេះ តំបន់បានទទួលនូវកិច្ចព្រមព្រៀងជាច្រើន រួមទាំងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីមជ្ឈភាពនៃកំណើន ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡានអគ្គិសនី (EV) ការបង្កើនល្បឿននៃប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកជាដើម។ ជាមួយគ្នានេះលោកក៏បានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងនានានៅក្នុងយន្តការនៃការរៀបចំវេទិកាអាស៊ាន- ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលទទួលបានគម្រោងរហូតដល់៩៣គម្រោង ដែលមានតម្លៃ ជាង ៣៨,២ ពាន់លានដុល្លារអាមេរិក។ ក្រៅពីគម្រោងទាំងនេះអាស៊ាននិងប្រទេសជាដៃគូក៏បានធ្វើឱ្យចេញនូវរូបរាងនូវ គម្រោងមានសក្តានុពលចំនួន៧៣គម្រោងទៀត ដោយមានតម្លៃជិត១៨ពាន់លានដុល្លារ។
ថ្នាក់ដឹកនាំរូបនេះបានបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន បូកបី គឺចិន ជប៉ុន និងកូរ៉េខាងត្បូង គឺបានយល់ព្រមអនុវត្តអោយចេញរូបរាងនូវគម្រោងអភិវឌ្ឈន៍នូវប្រព័ន្ធអេកូឧស្សាហកម្មរថយន្តអគ្គីសនីនៅក្នុងតំបន់ ដែលមកដល់ពេលនេះ អាស៊ានត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គីសនីនៅលើពិភពលោក៕