ទេសចរណ៍ថៃ

ថៃ ចាប់ផ្តើមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣


រាជរដ្ឋាភិបាលថៃ បានបង្ហាញពីគម្រោងជំរុញវិស័យទេសចរណ៍ក្នុងស្រុក នៅក្នុងត្រីមាសទី៣ ខាងមុខនេះ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយ ដែលកំពុងរងគ្រោះ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ បានប៉ះពាល់ដល់ វិស័យទេសចរណ៍ទូទាំងសកលលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bangkok Post។
កញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»
ដោយ

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ និងកីឡាថៃ បានស្នើដល់រាជរដ្ឋាភិបាល ឲ្យបញ្ឈប់​ការបិទវិស័យ​ទេសចរណ៍​ក្នុងស្រុក ចាប់ពីខែមិថុនា​តទៅ ដោយអះអាងថា វិស័យនេះ​បានរៀបចំ​ស្តង់ដារសុខភាព និងសុវត្ថិភាព​ជាតិ​រួចជាស្រេច ខណៈមកទល់ពេលនេះ​មានក្រុមហ៊ុន​ជាង១,៥ ពាន់ក្រុមហ៊ុន ដាក់ពាក្យ​ស្នើសុំលិខិត​បញ្ជាក់នេះ។

មន្រ្តីជាន់ខ្ពស់រូបនេះ បន្តថា ក្រសួងទេសចរណ៍ នឹងជជែកជាមួយ រដ្ឋបាល​គ្រប់គ្រង​បញ្ហា​មេរោគកូវីដ-១៩ អំពីការជួយ​សម្រប​សម្រួលដល់ វិស័យទេសចរណ៍​ក្នុងស្រុក ដើម្បីបើក​ការអនុញ្ញាត​ចំពោះ​ការធ្វើដំណើរ​ឆ្លងខេត្តក្រុង និងការបើក​ដំណើរការ សណ្ឋាគារ ឡើងវិញ​នៅតាម​បណ្តាខេត្តផ្សេងៗ។

ក្នុងករណីដែល រដ្ឋបាល​គ្រប់គ្រង​បញ្ហាមេរោគ​កូវីដ-១៩ យល់ព្រម នោះការធ្វើដំណើរ​ក្នុងស្រុក នឹងចាប់ផ្តើម​ឡើងវិញ ចាប់ពីថ្ងៃទី ១ ខែមិថុនា តទៅ តែសម្រាប់​២សប្តាហ៍ដំបូង គឺបើកសម្រាប់​ការធ្វើដំណើរ​ក្នុងតំបន់​មុននឹង​ឈានទៅដល់ ការបើកឲ្យ​ធ្វើដំណើរឆ្លងតំបន់។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ទេសចរណ៍ថៃ នឹងរៀបចំ​កិច្ចប្រជុំ​ជាមួយនឹង ក្រសួងហិរញ្ញវត្ថុ អំពីកញ្ចប់​ថវិកា​បន្ថែម​សម្រាប់​វិស័យទេសចរណ៍ ហើយ​ក៏រំពឹងដែរថា ៧០% នៃប្រតិបត្តិករ​ក្នុងវិស័យ​ទេសចរណ៍ នឹងចូល​រួម​កម្មវិធី​ស្តង់ដារ​សុវត្ថិភាពថ្មី ក្នុងរយៈពេល ២ឆ្នាំដំបូង ដើម្បីទាក់ទាញ​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ​មកវិញ។

បើតាមអគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ​អាចនឹងរៀបចំ​កញ្ចប់ថវិកា សម្រាប់វិស័យ​ទេសចរណ៍​ក្នុងស្រុក ចាប់ពីខែកក្កដាទៅ ហើយព័ត៌មាន​លម្អិត នឹងសម្រេចនៅ​ពាក់កណ្តាល​ខែមិថុនា។

កាលពីឆ្នាំ ២០១៩កន្លងទៅ ប្រាក់ចំណូល​បានមកពី​ភ្ញៀវទេសចរ​បរទេស ដែលចូលមក​កម្សាន្ត​នៅប្រទេស​ថៃ​គឺស្មើនឹង ១១% នៃ GDP សរុប ខណៈប្រាក់ចំណូល​បានមកពី វិស័យទេសចរណ៍​ក្នុងស្រុក ក៏សម្រេច​បាន ៦% នៃ GDP សរុបរបស់ថៃ ផងដែរ។

សូមជម្រាបថា អាជ្ញាធរទេសចរណ៍ថៃ​បានព្យាករ​រួចហើយថា ចំនួនភ្ញៀវទេសចរ​បរទេស ដែលចូល​មកកម្សាន្ដ​នៅក្នុង​បណ្តាប្រទេស​ប៉ែកអាស៊ី​អាគ្នេយ៍ នឹងមាន​ការធ្លាក់ចុះ ៦៥%​ ក្នុងឆ្នាំ២០២០ ដោយសារតែ​មេរោគកូវីដ-១៩ ហើយចំពោះ​ភ្ញៀវបរទេស ដែលមក​កម្សាន្ត​នៅប្រទេស​ថៃ អាចនឹង​ធ្លាក់ចុះ​រហូតដល់​ទៅ ៦០% នៅក្នុងឆ្នាំនេះ​ ពោលគឺ​មានប្រមាណ​តែ ១៦លាននាក់ ដែលធ្វើ​ឲ្យ​ថៃ បាត់បង់​ប្រាក់ចំណូល​ពីភ្ញៀវទេសចរ​បរទេស សឹងតែ​ទាំងស្រុង​ទៅហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី​កំពូល​របស់​វៀតណាម​បើក​សេវា​​ទេសចរណ៍ដោយ​នាវា​​មុជទឹក​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង

ព័ត៌មាន
មហាសេដ្ឋី​កំពូល​មួយរូប​របស់​វៀតណាម ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដ៏ធំមួយឈ្មោះ Vingroup កាលពីពេលថ្មីៗនេះ បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​លោក​ប…

សហគមន៍អ្នកផលិតអំបិលកំពត-កែប៖ កម្ពុជានឹងមិនខ្វះខាតអំបិលទៀតឡើយក្នុងឆ្នាំនេះ!

ព័ត៌មាន
សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានអះអាងថា កម្ពុជាឆ្នាំនេះនឹងមានការខ្វះខាតអំបិលដូចកាលពីឆ្នាំ ២០១៨ និង ២០១៩ទៀតឡើយ ខណៈការផលិតអំបិលឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ