កូរ៉េខាងត្បូង - អាស៊ាន

ក្រុមអ្នកជំនាញថា អាស៊ានងាកទៅរកកូរ៉េខាងត្បូងឱ្យជួយផ្គត់ផ្គង់អាវុធទំនើបៗក្នុងតម្លៃសមរម្យ


ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងត្បូងកំពុងក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធថ្មីសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បន្ទាប់ពីការទិញនាពេលថ្មីៗនេះ ដោយប្រទេសម៉ាឡេស៊ី ដែលបន្ថែមពីលើកំណើនតម្រូវការបរិក្ខារយោធាទំនើបៗ ប៉ុន្តែមានតម្លៃសមរម្យ របស់តំបន់នេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបច្ចុប្បន្នបានប្ដេជ្ញាក្លាយជាអ្នកនាំចេញសព្វាវុធទំបំផុតទី៤ក្នុងពិភពលោកនៅឆ្នាំ២០២៧។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កូរ៉េខាងត្បូងកំពុងក្លាយជាអ្នកផ្គត់ផ្គង់អាវុធឱ្យបណ្ដាប្រទេសអាស៊ាន

ក្រសួងការពារជាតិរបស់ប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ២ ពាន់លានដុល្លារអាមេរិក អំឡុងពិព័រណ៍ផ្លូវសមុទ្រនិងលំហអាកាស ឡាងកាវី (Langkawi) នៅឆ្នាំនេះ ជាមួយក្រុមហ៊ុនឧស្សាហកម្មអវកាសកូរ៉េខាងត្បូង (KAI) ក្នុងនោះមានទាំងការទិញយន្តហោះវាយប្រហារធុនស្រាល FA-50 ចំនួន១៨គ្រឿងផងដែរ។

កិច្ចព្រមព្រៀងទិញរបស់ប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់បន្ទាប់ពីប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលជាអ្នកទិញសព្វាវុធដ៏ច្រើនបំផុតពីទីក្រុងសេអ៊ូល ពោលគឺមានចំណែករៀងគ្នា ១៦% និង ១៤% នៃការលក់ចេញសរុបរបស់កូរ៉េខាងត្បូង។ គិតចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១មក កូរ៉េខាងត្បូងបាននាំសព្វាវុធចេញក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន។

យោងតាមក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង ការលក់សព្វាវុធបានកើនឡើងពីជាង ៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ទៅជាង ១៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ នៅពេលដែលបណ្ដាប្រទេសលោកខាងលិចផ្ដល់អាវុធឱ្យអ៊ុយក្រែន និងនៅពេលដែលមានមានភាពតានតឹងនៅតំបន់ក្ដៅផ្សេងៗទៀត ដូចជាកូរ៉េខាងជើង និងសមុទ្រចិនខាងត្បូង។

លោក អៀន ស្តូរី (Ian Storey) មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា កូរ៉េខាងត្បូងគឺជាជម្រើសដ៏ទាក់ទាញមួយសម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយសារខុសពីបណ្ដាប្រទេសមហាអំណាច គឺទីក្រុងសេអ៊ូលមានឆន្ទៈផ្ទេរបច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្មអាវុធរបស់ប្រទេសនានាក្នុងតំបន់នេះ។ ជាមួយនឹងសព្វាវុធទំនើបៗ និងមានតម្លៃថោកជាងផលិតផលរបសលោកខាងលិច ក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់ទីក្រុងសេអ៊ូលនឹងបន្តពង្រីកចំណែកនៃការលក់អាវុធនៅអាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើងជាលំដាប់។ នេះបើយោងតាមលោក អៀន ស្តូរី។

ទន្ទឹមនឹងនេះ លោក ជែយ៉ុន លី (Jaehyon Lee) អ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានអាស៊ីសម្រាប់ការសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានឱ្យដឹងថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មើលឃើញថា កូរ៉េខាងត្បូងជាដៃគូដែល«អាចទុកចិត្តបាន» ព្រោះ«ពុំមានរបៀបវារៈយុទ្ធសាស្ត្រលាក់កំបាំង» និង«មិនសូវមានចរិតយោបាយនិងយុទ្ធសាស្ត្រច្រើន» បើប្រៀបធៀបទៅនឹងអ្នកផ្គត់ផ្គង់អាវុធផ្សេងទៀត។ ដោយកត់សម្គាល់ឃើញថា ការលក់របស់កូរ៉េខាងត្បូងមានលក្ខណៈជាពាណិជ្ជកម្ម, លោក លី បានបន្ថែមថា សហរដ្ឋអាមេរិកភាគច្រើនផ្តោតលើការលក់សព្វាវុធទំនើប និងតម្លៃខ្ពស់ ដែលប្រទេសនៅអាស៊ីអាគ្នេយ៍មិនសូវត្រូវការខ្លាំងណាស់ណាទេ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុលខ៍ (SIPRI) កូរ៉េខាងត្បូងបច្ចុប្បន្នជាប្រទេសផ្គត់ផ្គង់សព្វាវុធធំទី៣ ឱ្យណាតូ និងឱ្យប្រទេសសមាជិករបស់អង្គការសម្ព័ន្ធយោធាមួយនេះ។ ប៉ុន្តែ ការទិញសព្វាវុធពីកូរ៉េខាងត្បូងដោយប្រទេសអឺរ៉ុប ក្នុងចំណែក ៤,៩% គឺនៅតែតិចជាងឆ្ងាយណាស់ បើធៀបនឹងសហរដ្ឋអាមេរិក ៦៥% និងបារាំង ៨,៦%។

រដ្ឋបាលបច្ចុប្បន្នរបស់កូរ៉េខាងត្បូងបានប្តេជ្ញាប្រែក្លាយប្រទេសនេះឱ្យទៅជាប្រទេសនាំចេញអាវុធធំទីបួនក្នុងពិភពលោកនៅឆ្នាំ២០២៧ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងបារាំង។ ក្នុងនោះ ក្រុមហ៊ុនអវកាស ហាន់វ៉ា (Hanwha Aerospace) ដែលជាក្រុមហ៊ុនម៉ៅការការពារជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង គ្រោងនឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនបីដងនៅឆ្នាំ២០២៤។

ដោយឡែក លោក រីស្ទៀន សូព្រីយ៉ានតូ (Ristian Supriyanto) បេក្ខបណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា កូរ៉េខាងត្បូងមិនមែនជាជម្រើសតែមួយគត់សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទេ ព្រោះមានប្រទេសទួរគី ប្រេស៊ីល និងប្រទេសនាំចេញអាវុធមួយចំនួនទៀតជាគូប្រជែង ហើយសិង្ហបុរីនៅតែទិញសព្វាវុធពីអាមេរិកនិងពីអឺរ៉ុប រីឯវៀតណាមទិញពីឥណ្ឌានិងរុស្ស៊ី៕




អត្ថបទបន្ទាប់


គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនសាងសង់

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅជ្រោយចង្វារបន្តទៅអរិយក្សត្រមិនទាន់កំណត់កាលបរិច្ឆេទក្នុងការបើកការដ្ឋានសាងសង់នៅឡើយទេ ពោលគឺគម្រោ…

សេដ្ឋកិច្ចរបស់អាមេរិកត្រូវបានព្យាករថា នឹងអាចមានស្ថានភាពកាន់តែអាប់អួជាងមុន

ធនាគារកណ្តាលសហរដ្ឋអាមេរិកបានចេញរបាយការណ៍អង្កេតថ្មីមួយដោយព្រមានថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាទី១នៅលើលោកនឹងមានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ