ប្រាសាទសម្បូរព្រៃគុក តាមប្រវត្តិសាស្ត្រ គេស្គាល់ថាជារាជធានីនៃអាណាចក្រចេនឡា ដែលរីកលូតលាស់ខ្លាំងនៅចុងសតវត្សទី៦ និងដើមសតវត្សទី៧ នៃគ្រឹះសករាជ។
អតីតរាជធានីមួយនេះ គ្របដណ្ដប់លើផ្ទៃដី ២៥គីឡូម៉ែត្រការ៉េ និងរួមមានប្រាសាទបុរាណជាច្រើន។
គិតមកទល់នឹងឆ្នាំ២០១៧នេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោក (World Heritage Site) ចំនួន ៣ ហើយ ដែលទីមួយ គឺប្រាសាទអង្គរវត្ត ដែលត្រូវបានអង្គការ យូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅឆ្នាំ១៩៩២ និងបញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោក ឆ្នាំ២០០៤ ទីពីរ ប្រាសាទព្រះវិហារ នៅលើបន្ទាត់ព្រំដែនខ្មែរជាប់នឹងប្រទេសថៃ ដែលបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ និងទីបី គឺប្រាសាទ សម្បូរព្រៃគុក ខាងលើនេះឯង។
នៅក្នុងអាស៊ាន តើប្រទេសណាមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ?
គិតក្នុងក្របខ័ណ្ឌប្រទេសជាសមាជិកអាស៊ាន វៀតណាមនិងឥណ្ឌូនេស៊ី មានតំបន់បេតិកភណ្ឌច្រើនជាងគេ គឺមានដល់ទៅ ០៨ ដូចគ្នា។
តំបន់បេតិកភណ្ឌពិភពលោកទាំង៨ របស់វៀតណាម រួមមាន៖
- វិមានបុរាណទីក្រុង វ៉េ (Complex of Hué Monuments)
- ឆកសមុទ្រ ហាឡុង (Ha Long Bay)
- ទីក្រុងបុរាណ ហូយអាន (Hoi An Ancient Town)
- My Son Sanctuary
- ឧទ្យានជាតិ Phong Nha-Ke Bang
- កំផែងស្ដេច ថាងឡុង ក្នុងទីក្រុងហាណូយ
- កំផែងស្ដេច ហូ និង
- តំបន់ទេសភាព Trang An។
ឥណ្ឌូនេស៊ី មានចំនួនតំបន់បេតិកភណ្ឌពិភពលោក ០៨ ស្មើគ្នានឹងប្រទេសវៀតណាមដែរ។ តំបន់បេតិកភណ្ឌទាំង០៨ នោះ រួមមាន៖
- តំបន់ប្រាសាទ Borobudur Temple Compounds
- ឧទ្យានជាតិ Komodo National Park
- តំបន់ប្រាសាទ Prambanan Temple Compounds
- ឧទ្យានជាតិ Ujung Kulon National Park
- តំបន់មនុស្សជំនាន់ដើម Sangiran Early Man Site
- ឧទ្យានជាតិ Lorentz National Park
- ព្រៃត្រូពិកស៊ូម៉ាត្រា Tropical Rainforest Heritage of Sumatra
- ទេសភាពវប្បធម៌ខេត្តបាលី Cultural Landscape of Bali Province: the Subak System as a Manifestation of the Tri Hita Karana Philosophy។
បន្ទាប់ពីវៀតណាម និងឥណ្ឌូនេស៊ី ដែលឈរនៅលេខ១ ស្ទួនគ្នា គឺប្រទេសហ្វ៊ីលីពីន ដែលឈរនៅលេខ២ នៃប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ នៅក្នុងអាស៊ាន។
ហ្វ៊ីលីពីន មានតំបន់បេតិកភណ្ឌចំនួន ០៦ ដូចខាងក្រោម៖
- តំបន់ព្រះវិហារកាតូលិកហ្វ៊ីលីពីន Baroque Churches of the Philippines
- ឧទ្យានធម្មជាតិ Tubbataha Reefs Natural Park
- តំបន់ទេសភាពវាលស្រែ Rice Terraces of the Philippine Cordilleras
- ទីក្រុងប្រវត្តិសាស្ត្រ វីហ្គែន Historic City of Vigan
- ឧទ្យានជាតិទន្លេ Puerto-Princesa Subterranean River National Park
- ដែនជម្រកសត្វព្រៃជួរភ្នំ Mount Hamiguitan Range Wildlife Sanctuary។
ឈរនៅលំដាប់លេខ៣ គឺប្រទេសថៃ ដែលមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ០៥ ៖
- ទីក្រុងប្រវត្តិសាស្ត្រ អាយុធ្យា Historic City of Ayutthaya
- ទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ Historic Town of Sukhothai and Associated Historic Towns
- ដែនជម្រកសត្វព្រៃ Thungyai-Huai Kha Khaeng Wildlife Sanctuaries
- តំបន់បុរាណវិទ្យា Ban Chiang Archaeological Site
- តំបន់ព្រៃ Dong Phayayen-Khao Yai Forest Complex។
នៅលេខទី៤ ជាប្រទេសដែលមានតំបន់បេតិកភណ្ឌច្រើនជាងគេនៅក្នុងអាស៊ាន គឺប្រទេសម៉ាឡេស៊ី ដែលមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ០៤៖
- ឧទ្យានជាតិ Gunung Mulu National Park
- ឧទ្យាន Kinabalu Park
- ទីក្រុងបុរាណនៃជ្រោយម៉ាឡាកា Melaka and George Town, Historic Cities of the Straits of Malacca
- បេតិកភណ្ឌបុរាណវិទ្យា Archaeological Heritage of the Lenggong Valley។
ជាប្រទេសនៅលេខទី៥ ដែលមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ ក្នុងអាស៊ាន គឺកម្ពុជា ដែលមានចំនួន ៣ ដូចបានរៀបរាប់ខាងលើ។
លេខ៦ គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ០២ គឺទីក្រុងលួងប្រាបាង និងវត្តភូ ដែលស្ថិតនៅក្នុងតំបន់ទេសភាពវប្បធម៌ចំប៉ាសាក់។
លេខ៧ ស្ទួនគ្នា គឺសហភាពមីយ៉ាន់ម៉ា និងប្រទេសសិង្ហបុរី ដែលមានតំបន់បេតិកភណ្ឌពិភពលោកម្នាក់ ០១ គឺមីយ៉ាន់ម៉ា មានតំបន់ក្រុងបុរាណ ពីយុ (Pyu Ancient Cities) និងសិង្ហបុរី មានសួនរុក្ខជាតិសិង្ហបុរី (Singapore Botanic Gardens)។
ដោយឡែកចុងក្រោយគេ ប្រទេសប្រ៊ុយណេ គឺមិនទាន់មានតំបន់បេតិកភណ្ឌពិភពលោក នៅក្នុងបញ្ជីរបស់អង្គការ យូណេស្កូ នៅឡើយទេ៕