លោក ស៊ីយេត មូនៀ ខាស្រ៊ូ (Syed Munir Khasru ) ប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយការតស៊ូមតិ និងអភិបាលកិច្ច ដែលជាស្ថាប័នធនាគារមួយមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីបានលើកឡើងថា អាស៊ាន និងអូស្ត្រាលី គឺជាដៃគូដ៏ស័ក្តិសម ប៉ុន្តែកំពុងប្រឈមមុខនឹងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មបៃតង។
នៅក្នុងបទអត្ថាធិប្បាយមួយដែលលោកបានសរសេរឱ្យសារព័ត៌មាន Nikkei បានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីខែមុននៅទីក្រុងមែលប៊ន បានបង្ហាញនូវការវិវត្តន៍នៃទំនាក់ទំនងអាស៊ាន និងអូស្រ្តាលីថ្មី ប៉ុន្តែចំណុចដែលផ្តោតខ្លាំងរវាងអាស៊ាន និងអូស្រ្តាលី គឺឧស្សាហកម្មបៃតង។
ឧស្សាហកម្មបៃតង ក៏ជារបៀបវារៈកំពូលនៅក្នុងទំនាក់ទំនងទ្វេភាគី តាមរយៈការជំរុញកិច្ចសហការទៅក្នុងការអនុវត្តសេដ្ឋកិច្ចប្រកបដោយចីរភាព និងជឿនលឿន ដែលបានលើកឡើងនៅពេលដែល លោក អេនថូនី អាបានី នាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាទ្វេភាគីជាមួយនឹងបណ្តាមេដឹកនាំអាស៊ាននីមួយៗ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនោះ។
ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលី បានឈានដល់ទំហំ១១៦ពាន់លានដុល្លារ កើនឡើង៤២% ដែលទំហំនេះ គឺធំជាងទំហំពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយជប៉ុន សហរដ្ឋអាម៉េរិក ឬសហភាពអឺរ៉ុប។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះត្រូវបានជំរុញដោយការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឆ្នាំ២០១០ ក៏ដូចជាការចាប់ផ្តើមនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានដាក់ឲ្យអនុវត្តកាលពីឆ្នាំ២០២២។ ក្រៅពីនោះអូស្ត្រាលីនិងសមាជិកចំនួន៤ ក្នុងចំណោមសមាជិកទាំង១០របស់អាស៊ាន ក៏មានកិច្ចព្រមព្រៀងពិសេសមួយទៀត គឺភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលអាចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មបន្ថែមទៀត។
ឈរនៅលើលទ្ធផលដែលមាននេះ អាស៊ាននិងអូស្រ្តាលី គឺពិតជាដៃគូដ៏ស័ក្តិសម ប៉ុន្តែអាស៊ាន និងអូស្រ្តាលីអាចប្រឈមនឹងបញ្ហាខ្លះ នៅពេលដែលអូស្រ្តាលីស្វះស្វែងរកការបង្កើតនូវទីផ្សារសម្រាប់ទំនិញ និងសេវាកម្មអូស្ត្រាលីដូចជាឧស្ម័នធម្មជាតិ ធ្យូងថ្ម និងស្រូវសាលី ក៏ដូចជាថាមពលកកើតឡើងវិញ ដែលមកដល់ពេលនេះអាស៊ានសុទ្ធតែមានដៃគូ ជាពិសេសគឺចិនតែម្តង៕
ដោយៈ សរ សុជាតិ