លោក Peterson ប្រធានក្រុមហ៊ុនផ្ដល់យោបល់ និងស្រាវជ្រាវ Longview Global Advisors បានអះអាងថា ទីក្រុងប៉េកាំងមើលឃើញរាល់សកម្មភាពរបស់ទីក្រុងវ៉ាស៊ិនតោនចំពោះកោះតៃវ៉ាន់ ជាភាពអវិជ្ជមាន ឬរំលោភផលប្រយោជន៍របស់ខ្លួន។ លោកបន្ថែមថា ត្រង់នេះហើយ គឺហានិភ័យធំសម្រាប់តំបន់អាស៊ី នៅក្នុងឆ្នាំ២០២២។ អ្នកវិភាគនយោបាយរូបនេះ សង្កត់ធ្ងន់ទៀតថា បើគេមើលទៅលើទំនាក់ទំនងរវាងអាមេរិក និងចិននាពេលបច្ចុប្បន្ននេះ គឺបង្ហាញឃើញយ៉ាងច្បាស់ថា វាគឺទំនាក់ទំនងបែបសង្គ្រាមត្រជាក់លើកទី២។
យ៉ាងណាមិញ កាលពីចុងឆ្នាំ២០២១ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ក៏បានចុះហត្ថលេខាលើច្បាប់ស្ដីអំពីវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២២ ហើយបើតាមអ្នកជំនាញ ច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា ក៏នឹងអាចធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែយ៉ាប់យ៉ឺនថែមទៀតដែរ។
តើអ្វីដែលជាការលំបាកបំផុតសម្រាប់ប្រទេសនៅអាស៊ី ត្រូវប្រឈមនឹងភាពតានតឹងរវាងចិន និងអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ?
បើតាមការបញ្ជាក់របស់ លោក Peterson ផលលំបាកខ្លាំងបំផុតនោះ គឺប្រទេសអាស៊ី នឹងត្រូវធ្វើយ៉ាងណារក្សាតុល្យភាពភូមិសាស្ត្រនយោបាយ ក៏ដូចជាទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងពីរនេះ និងត្រូវខិតខំស្រូបទាញផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ពីការប្រជែងឥទ្ធិពលនៃមហាអំណាចផងដែរ។
សូមបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ នៅតែជាក្ដៅគគុក និងជាក្ដីបារម្ភសម្រាប់តំបន់ និងពិភពលោក។ ជាក់ស្ដែង ដើមឆ្នាំថ្មី ២០២២នេះ មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន ក៏បានថ្លែងប្រាប់ទៅកាន់ប្រទេសចិនឲ្យទប់ស្កាត់នូវដំណើរផ្សងព្រេងយោធារបស់ខ្លួន ខណៈដែលច្រើនលើកឡើងច្រើសារមេដឹកនាំតៃវ៉ាន់រូបនេះ បានថ្លែងសារខ្លាំងៗ ដោយបង្ហាញពីគោលជំហមិនចុះញ៉មនឹងការគំរាមកំហែងពីសំណាក់ក្រុងប៉េកាំងនោះឡើយ។ រីឯ ក្រុងប៉េកាំងវិញ ក៏នៅតែបន្ដដាក់សម្ពាធទៅលើកោះតៃវ៉ាន់ និងព្រមានចាត់វិធានការតឹងរ៉ឹងបំផុតទៅលើកោះតៃវ៉ាន់ បើសិនជាហានប្រកាសទាមទារឯករាជ្យភាពមែននោះ។
អ្នកជំនាញបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប៉េកាំងនាខែកុម្ភៈខាងមុខនេះ ក៏ជារឿងមួយដែលកំពុងចាប់អារម្មណ៍ខ្លាំងដែរ។ ចាប់អារម្មណ៍នៅត្រង់ថា វាគឺជាសាកល្បងវាយតម្លៃអំពីមុខមាត់របស់ចិននៅលើឆាកអន្តរជាតិ ខណៈដែលគិតមកទល់ពេលនេះ មានប្រទេសខ្លះដែលជាសម្ព័ន្ធមិត្តអាមេរិកបាននាំគ្នាធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍នេះជាបណ្ដើរៗហើយ។ គេនឹងរង់ចាំមើលថា តើព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប៉េកាំងដែលចិនជាម្ចាស់ផ្ទះនេះ នឹងអាចនឹងសញ្ញានៃសមិទ្ធផល និងឱកាសសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដែរ ឬយ៉ាងណា?