ការស្រាវជ្រាវចេញផ្សាយដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ប្រមាណ៣ភាគ៤នៃពាណិជ្ជកម្មក្នុងតំបន់អាស៊ី ត្រូវបានទូទាត់ជាប្រាក់ដុល្លារអាម៉េរិក ហើយប្រហែល៥០% ទៅ៦០%នៃប្រាក់សន្សំនៅអាស៊ី រួមទាំងទុនបម្រុងរបស់ធនាគារកណ្តាល ទ្រព្យសកម្មនៃមូលនិធិវិនិយោគគ្រប់គ្រងដោយរដ្ឋ (SWF) និងទ្រព្យសម្បត្តិឯកជនផង ក៏ត្រូវបានរក្សាទុកជាប្រាក់ដុល្លារអាម៉េរិកផងដែរ។ ជាងនេះទៅទៀត សូម្បីតែប្រាក់កម្ចីជារឿយៗ ក៏គិតជាប្រាក់ដុល្លារអាម៉េរិកដែរ ខណៈរូបិយប័ណ្ណជាច្រើននៅក្នុងតំបន់ត្រូវបានចងភ្ជាប់យ៉ាងណែនទៅនឹងប្រាក់ដុល្លារអាម៉េរិក។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រាប់សារព័ត៌មាន នីកេ អេស៊ា (Nikkei Asia) កាលពីខែមុនថា ប្រទេសម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចល្អ អត្រាគ្មានការងារធ្វើធ្លាក់ចុះទាប អតិផរណាក៏មានកម្រិតទាប ហើយការវិនិយោគ ក៏កំពុងហូរចូលមកជាបន្តបន្ទាប់។ ប៉ុន្តែលោកនៅតែឆ្ងល់ថា ហេតុអ្វីបានជារូបិយប័ណ្ណរីងហ្គីតរបស់ម៉ាឡេស៊ី នៅតែបន្តធ្លាក់ថ្លៃ? លោកបានគូសបញ្ជាក់ថា មូលហេតុដ៏ចម្បង គឺស្ថិតនៅលើធនាគារកណ្ដាលអាម៉េរិក។
ដូច្នេះការប្រែប្រួលតម្លៃប្រាក់ដុល្លារអាម៉េរិក ឬការប្រែប្រួលនៃអត្រាការប្រាក់ ដែលផ្អែកលើប្រាក់ដុល្លារអាម៉េរិក សុទ្ធតែជះផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងកម្រិតបំណុលនៅតំបន់អាស៊ី ហើយគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដ៏ធូររលុងរបស់អាម៉េរិកបានបង្ហាញថា កម្លាំង នៃការទិញប្រាក់ដុល្លារអាម៉េរិករយៈពេលវែងមិនត្រូវបានធានានោះឡើយ។
កត្តានេះហើយបានធ្វើឱ្យប្រទេសកាន់តែច្រើននៅអាស៊ី កំពុងស្វះស្វែងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ដើម្បីបញ្ចៀសហានិភ័យហិរញ្ញវត្ថុផ្សេងៗរួមទាំងការដាក់ទណ្ឌកម្ម ការរឹតបន្តឹងពាណិជ្ជកម្ម និងការរឹបអូសទ្រព្យសម្បត្តិធ្វើជាអាវុធសេដ្ឋកិច្ចផងដែរ។ ប៉ុន្តែវាមិនទំនងជាអាចសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។
ការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក នឹងតម្រូវឱ្យមានការកែប្រែសេដ្ឋកិច្ចមូលដ្ឋានរបស់អាស៊ី ហើយការប្រើប្រាស់ក្នុងស្រុកត្រូវតែជំរុញកំណើន។ នៅត្រង់ចំណុចនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានពន្យល់ត្រួសៗថា អាស៊ី នឹងត្រូវប្រឈមហានិភ័យមួយចំនួន ដើម្បីសម្រេចគោលដៅនេះ ដោយទី១ គឺការរក្សាគោលនយោបាយរូបិយវត្ថុដោយស្វ័យភាព ការអនុញ្ញាតឱ្យមានចរាចរមូលធនដោយសេរី និងការមានអត្រាប្តូរប្រាក់ថេរ។
ជម្រើសមួយទៀតរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងអ្នកផ្សេងទៀត គឺការកំណត់ទូទាត់ពាណិជ្ជកម្មឆ្លងដែនជារូបិយប័ណ្ណក្នុងស្រុក ប៉ុន្តែប្រការនេះ គឺជាការលំបាកបំផុតក្នុងការអនុវត្តឱ្យបានសម្រេច ហើយជម្រើសដ៏មានសក្ដានុពលមួយចំនួនទៀតដូចជាការប្រើប្រាស់រូបិយប័ណ្ណយន់របស់ចិន និងប្រាក់អឺរ៉ូជាដើម ក៏នៅតែមិនអាចបំពេញតាមស្ដង់ដារទាំងអស់នេះបានដែរ។ ដូច្នេះហើយមកដល់ពេលនេះអាស៊ី មិនទាន់រកឃើញរូបិយប័ណ្ណណាមួយឱ្យបានជាក់លាក់ ដើម្បីដាក់ជំនួសប្រាក់ដុល្លារអាម៉េរិកនៅឡើយទេ៕
អត្ថបទ៖ សុខ ជា