ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញរបស់ពិភពលោក បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា "ប្រទេសពុករលួយជាងគេបំផុតទាំង៥ នៅអាស៊ី" ដោយយោងតាមរបាយការណ៍អង្កេតមួយរបស់អង្គការ Transparency International។
ខាងក្រោមនេះ ជាបញ្ជីនៃប្រទេសទាំងប្រាំដែលពុករលួយជាងគេបំផុត នៅអាស៊ី យោងតាមអត្រានៃការសូកប៉ាន់៖
១. ឥណ្ឌា - អត្រាសូកប៉ាន់ ៦៩%
នៅក្នុងចំណោមសេវាសាធារណៈចំនួន ៦មុខ មាន ៥មុខ ដូចជា សាលារៀន មន្ទីរពេទ្យ ឯកសារអត្តសញ្ញាណ នគរបាល និងសេវាទឹកភ្លើង របាយការណ៍អង្កេតរកឃើញថា អ្នកឆ្លើយជាងពាក់កណ្ដាល និយាយថា ពួកគេត្រូវតែបង់សំណូក។
ប៉ុន្តែ កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនេះ ហាក់ទទួលបានចំណាប់អារម្មណ៍វិជ្ជមានពីប្រជាពលរដ្ឋ។ ពលរដ្ឋ ៥៣% យល់ឃើញថា អ្វីដែលនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កំពុងធ្វើក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺល្អ។ ពលរដ្ឋ ៦៣% ជឿជាក់ថា ការចូលរួមពីពលរដ្ឋសាមញ្ញ អាចធ្វើឲ្យមានការផ្លាស់ប្ដូរ។
| ឥណ្ឌាគិតចែកលុយឲ្យអ្នកក្រដើម្បីកាត់បន្ថយភាពក្រីក្រ
២. វៀតណាម - អត្រាសូកប៉ាន់ ៦៥%
ពលរដ្ឋវៀតណាមចាត់ទុកអំពើពុករលួយ ជាជំងឺរាលដាល។ ក្នុងចំណោម ១៦ប្រទេសដែលបានធ្វើការអង្កេត ប្រជាជនវៀតណាម (និងម៉ាឡេស៊ី) មានការយល់ឃើញអវិជ្ជមានខ្លាំងជាងគេបំផុត អំពីស្ថានភាពពុករលួយនៅក្នុងប្រទេសរបស់ខ្លួន។ ប្រជាជនប្រហែល ៦០% គិតថា រដ្ឋាភិបាលខ្លួនធ្វើការងារនៅអន់ខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
៣. ថៃ - អត្រាសូកប៉ាន់ ៤១%
ប្រទេសថៃ រងការចោទប្រកាន់ពីអំពើពុករលួយស្ទើរតែនៅគ្រប់កម្រិត សូម្បីមន្ត្រីរដ្ឋាភិបាល ដែលនាំឲ្យរដ្ឋាភិបាលយោធាសព្វថ្ងៃ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នាឆ្នាំ២០១៥។ ប៉ុន្តែ ប្រជាជនថៃហាក់មានសុទិដ្ឋិនិយម។ ប្រជាជនតែ ១៤%ប៉ុណ្ណោះ ដែលគិតថា អំពើពុករលួយបានកើនឡើងក្នុងពេល១២ខែចុងក្រោយនេះ ហើយ ៧២% គិតថា រដ្ឋាភិបាលកំពុងធ្វើបានមធ្យម ឬល្អ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
៤. ប៉ាគិស្ថាន - អត្រាសូកប៉ាន់ ៤០%
នៅក្នុងប្រទេសប៉ាគិស្ថាន ប្រហែល ៣ភាគ៤នៃអ្នកចូលរួមការអង្កេត យល់ឃើញថា នគរបាលភាគច្រើនបំផុត ឬទាំងអស់ សុទ្ធតែពុករលួយ។ ក្នុងចំណោមប្រជាជនដែលបានទៅជួបនគរបាល ឬតុលាការ មានជិត ៧នាក់ក្នុងចំណោម ១០នាក់ ដែលត្រូវតែផ្ដល់សំណូក។ ប្រជាជនគិតថា អំពើពុករលួយនេះមិនអាចកែប្រែបានទេ ហើយមានតែពលរដ្ឋ ១ភាគ៣ប៉ុណ្ណោះដែលគិតថា ពលរដ្ឋសាមញ្ញអាចធ្វើឲ្យមានការផ្លាស់ប្ដូរបាន។
៥. មីយ៉ាន់ម៉ា - អត្រាសូកប៉ាន់ ៤០%
ទោះបីមានច្បាប់ប្រឆាំងអំពើពុករលួយកាលពីឆ្នាំ២០១៣ក្ដី អ្នកឆ្លើយជាងពាក់កណ្ដាល ជឿជាក់ថា នគរបាលទាំងអស់ ឬភាគច្រើនបំផុត សុទ្ធតែពុករលួយ ហើយ ៤០ភាគរយ គិតថា តុលាការពុករលួយ។ ប៉ុន្តែ ពលរដ្ឋហាក់សុទិដ្ឋិនិយមថា អ្វីៗអាចប្រសើរឡើងវិញ ដោយពលរដ្ឋតិចជាងមួយភាគបួនប៉ុណ្ណោះ ដែលជឿថា អំពើពុករលួយបានកើនឡើងក្នុងពេលមួយឆ្នាំចុងក្រោយនេះ៕