មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថាអាស៊ីនឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំនេះ ជាមួយការរួមចំណែករហូតដល់៦០%នៃកំណើនផលិតផលសរុបរបស់ពិភពលោក។ ស្ថាប័ននេះព្យាករថា អាស៊ីនឹងទទួលកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៤ នេះ ប្រសើរជាងការព្យាករកាលពីមុនប្រមាណ០,៣% តែអាចធ្លាក់ចុះមកវិញបន្តិចនៅត្រឹម៤,៣%នៅក្នុងឆ្នាំ២០២៥។
របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចនៅអាស៊ី ដែលបង្ហាញដោយនាយកដ្ឋានកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានឲ្យដឹងថា ឥណ្ឌា និងចិនត្រូវបានគេព្យាករណ៍ថា ជាកត្តាជំរុញដ៏ធំបំផុតនៃកំណើននេះ។ ក្នុងនោះឥណ្ឌាត្រូវបានព្យាករថា នឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៨%នៅឆ្នាំនេះ ដែលជាកំណើនខ្ពស់បំផុតមួយបើធៀបនឹងមហាអំណាចសេដ្ឋកិច្ចផ្សេងៗ ខណៈប្រទេសចិនរំពឹងទទួលបានកំណើនក្នុងរង្វង់៤,៦%។
ជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% ខណៈដែលវៀតណាមត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបជិត៦%។
មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា វិនិយោគិនចិន និងឥណ្ឌាទំនងជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ។ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុមួយនេះបានសងកត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅតែផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក។
ពាក់ព័ន្ធនឹងកំណើននេះ លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) នាយក IMF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា ការជំរុញណាមួយចំពោះកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា និងចិននឹងមានផលប៉ះពាល់ដល់ប្រទេសនានានៅតំបន់អាស៊ី។ យ៉ាងណាក៏ដោយប្រទេសមួយចំនួនដែលមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសចិន និងឥណ្ឌា នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៕
ដោយៈ សរ សុជាតិ