
ប្រទេសកាន់តែច្រើនបានព្យាយាមងាកចេញពីរូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ហើយអាស៊ី កំពុងឈានមុខគេក្នុងពិភពលោកក្នុងការងាកចេញពីរូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ក្រុមហ៊ុននានា ទទួលបានសំណើកាន់តែច្រើនសុំធ្វើប្រតិបត្តិការទូទាត់ដោយប្រើប្រាស់រូបិយប័ណ្ណផ្សេងៗដូចជាប្រាក់យន់របស់ចិន ប្រាក់ដុល្លារហុងកុង ប្រាក់ដឺហាមរបស់អេមីរ៉ាតអារ៉ាប់រួម និងប្រាក់អឺរ៉ូ ជាដើម ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក ហើយទន្ទឹមនេះតម្រូវការឥណទានគិតជាប្រាក់យន់របស់ចិន ក៏កំពុងកើនឡើងដែរ ហើយធនាគារមួយរបស់ឥណ្ឌូនេស៊ីថែមទាំងគ្រោងបង្កើតបញ្ជរមួយសម្រាប់ទទួលយកប្រាក់យន់របស់ចិនទៀតផង។
កន្លងមកភាគច្រើននៃការជួញដូររូបិយប័ណ្ណបរទេស គឺធ្វើឡើងដោយប្រើប្រាក់ដុល្លារអាម៉េរិកជាគោលសំខាន់។ ប៉ុន្តែពេលនេះក្រុមហ៊ុនកាន់តែច្រើនឡើងកំពុងព្យាយាមជួញដូរដោយមិនប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។
នេះជាសញ្ញាថ្មីមួយទៀតដែលបង្ហាញថា បណ្ដាក្រុមហ៊ុន និងវិនិយោគិនកំពុងងាកចេញពីប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក ហើយកត្តានេះបានរួមចំណែកធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ប្រឈមនឹងការសម្រុកលក់ចេញយ៉ាងគំហុកនៅសប្តាហ៍នេះ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។
គួររំឭកថា លោក ស្តេហ្វិន ជេន (Stephen Jen) អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកវិភាគរូបិយប័ណ្ណនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអង់គ្លេសមួយបានព្រមានថា ប្រាក់ដុល្លារអាម៉េរិក អាចប្រឈមនឹងការសម្រុកលក់ចេញក្នុងទំហំរហូតដល់ទៅ២,៥ទ្រីលានដុល្លារអាម៉េរិក ខណៈបណ្ដាប្រទេសនៅអាស៊ី ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក ដូចជាមហាយក្សចិន តៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាមជាដើម បានកាត់បន្ថយការរក្សាទុករូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ហើយស្ថានភាពទាំងនេះទំនងជាធ្វើឱ្យប៉ះពាល់ដល់តម្លៃរយៈពេលវែងនៃប្រាក់ដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម