ទិន្នន័យអំពីសកម្មភាពរោងចក្រនៅក្នុងប្រទេសចិន នៅក្នុងខែមករាបានបង្ហាញពីការថមថយចុះ ខណៈពេលដែលករណីឆ្លងកូវីដ១៩នៅបន្ដកើនឡើង និងការដាក់វិធានការបិទខ្ទប់តឹងរ៉ឹងក៏បានប៉ះពាល់ដល់ផលិតកម្ម និងតម្រូវការផងដែរ។
បញ្ហាវិបត្តិនៅប្រទេសអ៊ុយក្រែន ក៏នៅតែមានឥទ្ធិពលចំពោះទីផ្សារដែរ ដោយគេកំពុងបារម្ភថា ប្រទេសរុស្ស៊ីអាចនឹងចូលឈ្លានពានអ៊ុយក្រែន ដែលអាចនឹងធ្វើឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទីផ្សារប្រទេសអឺរ៉ុបខាងលិច។
ការឈប់សម្រាកចូលបុណ្យចូលឆ្នាំចិន គឺបានធ្វើឲ្យមានឥទ្ធិពលតិចតួច ដោយសន្ទស្សន៍ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុនបានកើនឡើង ០,៦% នៅក្នុងកម្រិតជួញដូរយឺត។
បើងាកទៅមើលតម្លៃប្រេងឆៅវិញ បង្ហាញថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយការកើនឡើងនេះ គឺបានកើនឡើង៦សប្ដាហ៍ជាប់ៗគ្នាមកហើយ ដោយសារតែមានភាពតានតឹងកាន់តែខ្លាំងទាក់ទងនឹងភូមិសាស្ត្រនយោបាយ ដែលបង្កឲ្យមានក្ដីបារម្ភអំពីការផ្គត់ផ្គង់ថាមពល។
តម្លៃប្រេងឆៅនៅអង់គ្លេស បានកើនឡើង ១ដុល្លារ១៨សេនបន្ថែមទៀត នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយប្រេងឆៅមួយបារ៉ែលមានតម្លៃដល់ទៅ ៩១ដុល្លារ២១សេន ខណៈនៅទីផ្សារអាមេរិកវិញ ក៏មានការកើនឡើង ១ដុល្លារ១៥សេនផងដែរ ធ្វើឲ្យតម្លៃប្រេងកើនដល់ទៅជិត ៨៨mdដុល្លារក្នុងមួយធុងបារ៉ែល៕