បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញឲ្យឃើញថា មាន ៤,៤ ភាគរយ ឬស្មើ ១លាន ៨សែននាក់ នៃចំនួនប្រជាជនមានការងារធ្វើសរុប បានបាត់បង់ការងាររបស់ពួកគេនៅក្នុងត្រីមាសទី ៣ ពោលគឺកើនឡើង ៦២ម៉ឺននាក់ បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការស្ទង់មតិរបស់គណៈកម្មាធិការអភិវឌ្ឍន៍វិស័យឯកជនក៏បានរកឃើញដែរថា មាន ៥៣% នៃកម្មករសរុប នៅតែគ្មានការងារធ្វើនៅឡើយ ខណៈការស្ទង់មតិលើមនុស្សជាង ៨ពាន់ ៨រយនាក់ បាននិយាយថា ៤១%នៃពួកគេ គឺមិនអាចស្វែងរកការងារថ្មី ដែលសមរម្យបានទេ ហើយជាង ៥៥%ទៀត បាននិយាយថា ពួកគេមិនដឹងថា តើពេលណាពួកគេនឹងចាប់ផ្តើមស្វែងរកការងារធ្វើនោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាតកូវីដ១៩ និងវិធានការគម្លាតសង្គមរយៈពេលយូរ បានបង្ខំឱ្យរោងចក្រផ្អាកប្រតិបត្តិការ និងធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើ ហើយប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះផងដែរ។
គួរបញ្ជាក់ថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅវៀតណាម ភាគច្រើនមាននៅក្នុងតំបន់ មានកម្មករក្រីក្រ និងជិតធ្លាក់ខ្លួនក្រ ហើយពួកគេគឺងាយរងគ្រោះណាស់ ដោយសារតែរបបសន្តិសុខការងារ និងការគាំពារសង្គមរបស់ពួកគេ គឺនៅមានកម្រិត។ ជាក់ស្ដែង ពលករចំណាកស្រុកចំនួន ១០ លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ទទួលរងគ្រោះដោយ ការរឹតត្បិតលើការធ្វើដំណើរផងដែរ ពីព្រោះពួកគេជារឿយៗមិនមានរបបសន្តិសុខការងារ ឬការចុះឈ្មោះចូលទៅកាន់ប្រព័ន្ធសុខាភិបាល និងសុខុមាលភាពសង្គម៕