ប្រទេសចិន មិនទាន់មានវិធានការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរនៅឡើយទេ ដោយសារប្រទេសនេះ នៅមួយរយៈចុងក្រោយនេះ បន្ដប្រកាន់ខ្ជាប់នូវគោលនយោបាយ គ្មានការអត់ឱនចំពោះកូវីដ ១៩ ដូចនេះហើយ បានជាអ្នកទេសចរជនជាតិចិន ដែលជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក នៅតែបន្ដមានការធ្លាក់ចុះ។
សូមជម្រាបថា ការធ្លាក់ចុះភ្ញៀវទេសចរចិន បានធ្វើឱ្យបាត់បង់ប្រាក់ដែលជនជាតិចិនចំណាយប្រចាំឆ្នាំប្រមាណ ២៥៥ ពាន់លានដុល្លារអាមេរិក នៅក្នុងទីផ្សារទេសចរណ៍ពិភពលោក។ ជុំវិញបញ្ហានេះ គេមើលឃើញថា បណ្ដាប្រទេសក្នុងតំបន់អាស៊ីក៏បានប្ដូរគោលដៅទេសចរណ៍របស់ខ្លួនផងដែរ។ជាក់ស្ដែង ក្នុងប្រទេសថៃបានផ្លាស់ប្តូរគោលដៅទីផ្សាររបស់ពួកគេទៅកាន់ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងអារ៉ាប់រួម ដើម្បីបង្កើនភ្ញៀវទេសចរបន្ទាប់ពីបាត់បង់អ្នកដំណើរជនជាតិចិន។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ ប្រទេសថៃខាតបង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះ អ្នកដំណើរជនជាតិចិនជាប្រភពចំណូលខ្ពស់ជាងគេសម្រាប់វិស័យទេសចរណ៍របស់ថៃ។
ទន្ទឹមនេះ បើតាមទិន្នន័យពីស្ថាប័នជំនាញផ្នែកទេសចរណ៍បានប៉ាន់ប្រមាណថា វាអាចនឹងត្រូវការពេលរហូតដល់ឆ្នាំ២០២៥ ទើបទេសចរជនជាតិចិនមានការធ្វើដំណើរកម្សាន្ដក្រៅប្រទេសច្រើនឡើងវិញ ដូចទៅនឹងអំឡុពេលដែលមិនទាន់មានជំងឺកូវីដ១៩រាតត្បាត។
អត្ថបទ៖ ស៊ើង និមល់