ប្រទេសចិន ត្រូវបានគេមើលឃើញថា គឺជាប្រទេសដែលអាចនឹងទទួលបានប្រយោជន៍ច្រើនជាងគេពីឱកាសដ៏កម្រនេះ។ ប៉ុន្តែមិនប្រាកដថាចិនទទួលបានផលប្រយោជណ៍ពីការនាំចេញប្រេងទៅផ្គត់ផ្គង់នៅអូស្ត្រាលីដែលកំពុងតែមានតម្រូវការខ្លាំងនោះទេ បើក្រឡេកមកមើលរឿងរ៉ាវចិន និង អូស្ត្រាលី បន្តិច វាហាក់បីដូចជាមិនទាន់សម្រុះសម្រួលត្រូវរ៉ូវគ្នានៅឡើយទេ កន្លងមកថ្មីៗនេះប្រទេសទាំងពីរ បានតម្លើងពន្ធគយនាំចូលលើទំនិញរៀងៗខ្លួន ដែលចុងក្រោយនេះ ចិនបានសម្រេចតម្លើងថ្លៃពន្ធនាំចូលស្រាក្រហមរបស់អូស្ត្រាលីទ្វេដង ប្រការនេះបានធ្វើឲ្យអូស្ត្រាលីក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង។ ដូច្នេះមិនអាចថាជាឪកាសមាសរបស់ចិននោះទេ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសអ្នកផ្គត់ផ្គង់ប្រេងសំខាន់ៗផ្សេងទៀត ដូចជា សិង្ហបុរី និង កូរ៉េខាងត្បូង ក៏កំពុងតែត្រៀមខ្លួនក្នុងការឈានទៅដណ្តើមក្ដោបក្ដាប់ឱកាសនាំចេញប្រេងទៅប្រទេសអូស្ត្រាលីផងដែរ។
ប្រទេសអូស្ត្រាលី គឺជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយនៅក្នុងតំបន់ នឹងអាចបង្កើនការនាំចូលប្រហែល១ភាគ៣ បន្ថែមទៀតនៅឆ្នាំក្រោយ ក្នុងទំហំប្រមាណ៦៣ម៉ឺនបារ៉ែលនៅក្នុងមួយថ្ងៃ។ហើយបច្ចុប្បន្នប្រទេសអូស្ត្រាលី កំពុងមានតម្រូវការប្រេងយ៉ាងខ្លាំង ដោយសារតែមានការបិទទ្វាររោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសនេះ ស្ទើរតែទាំងអស់។
សំណួរសួរថា ហេតុអ្វី បានជារោងចក្រចម្រាញ់ប្រេងនៅអូស្ត្រាលីជាច្រើនបិទទ្វារ?
បើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗបានបង្ហាញថា ដោយសារតែកាលពីអំឡុងពេលកូវីដ-១៩ រាតត្បាតខ្លាំងបានធ្វើឲ្យការធ្វើដំណើរអន្តរជាតិធ្លាក់ចុះខ្លាំង ដែលកត្តានេះ បានធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈថយចុះខ្លាំង និងមានរោងចក្រចម្រាញ់ប្រេងជាច្រើននៅក្នុងប្រទេសនេះរងការខាតបង់ជាទម្ងន់តែម្តង។ មួយវិញទៀត គឺការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់បានលើសតម្រូវការ ហើយនៅអាស៊ី និង មជ្ឈិមបូព៌ាមានការកើនឡើងនូវគម្រោងរោងចក្រចម្រាញ់ប្រេងធំៗច្រើន ដែលធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងសម្រាប់ការផលិតប្រេងនៅ អូស្ត្រាលី។
បច្ចុប្បន្នមានរោងចក្រចម្រាញ់ប្រេងចំនួន៣ប៉ុណ្ណោះ ដែលកំពុងបន្ដប្រតិបត្តិការនៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមានរោងចក្រចំនួន៤បានបិទទ្វារ ដោយសារតែក្រុមហ៊ុនទាំងនោះមានការធ្លាក់ចុះនូវលទ្ធភាពហិរញ្ញវត្ថុ ចំពេលដែលមានការកើនឡើងនៃរោងចក្រចម្រាញ់ប្រេងខ្នាតធំៗនៅទូទាំងតំបន់អាស៊ី និងមជ្ឈិមបូព៌ា។ ហើយថ្មីៗនេះ រោងចក្រទាំង៣ ដែលនៅបន្ដប្រតិបត្តិការនេះ ក៏បានបិទផ្នែកខ្លះនៃការចម្រាញ់ប្រេងរបស់ខ្លួនផងដែរ ដោយសារតែបញ្ហាកូវីដ-១៩ និង ការប្រកួតប្រជែងនៅក្នុងតំបន់។
បើតាមអ្នកវិភាគមកពីស្ថាប័នប្រឹក្សាយោបល់ Rystad Energy បាននិយាយថា អូស្ត្រាលីត្រូវបានរំពឹងថា នឹងនាំចូលប្រេងឥន្ធនៈពីប្រទេសចិន ដោយសារតែចិននឹងបង្កើនកូតាការនាំចេញប្រេងទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ ហើយចិនក៏បន្ដពង្រីកសមត្ថភាពចម្រាញ់ប្រេងឲ្យបានដល់ ៦០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃផងដែរសម្រាប់ឆ្នាំ២០២១នេះ។
សមត្ថភាពចម្រាញ់ប្រេងរបស់ចិនត្រូវបានព្យាករថានឹងកើនឡើងដល់១លាន៥សែនធុងបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ៕