អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើឲ្យអ្នកវិនិយោគអចលនទ្រព្យគួរងាកទៅវិនិយោគលើវិស័យដឹកជញ្ជូន

ស្របពេលទីផ្សារចលនទ្រព្យមិនសូវល្អ អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើឲ្យអ្នករកស៊ីងាកទៅវិនិយោគលើវិស័យផ្សេង


ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អប្រសើរ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជាលើកទឹកចិត្តឲ្យសមាជិកសមាជិកាសមាគម ដែលមានការវិនិយោគលើវិស័យអចលនទ្រព្យងាកទៅវិនិយោគលើវិស័យផ្សេងៗជាពិសេសវិស័យដឹកជញ្ជូនតែម្តង។
អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើឲ្យអ្នកវិនិយោគអចលនទ្រព្យគួរងាកទៅវិនិយោគលើវិស័យដឹកជញ្ជូន
ដោយ

ការជំរុញ និងលើកទឹកចិត្តបែបនេះ ក៏ដោយសារអ្នកជំនួញលើវិស័យអចលនទ្រព្យ និងឡូជីស្ទីកដ៏ល្បីល្បាញរូបនេះ មើលឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជានៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងជាវិស័យសំខាន់មួយសម្រាប់រួមចំណែកជួយជំរុញការធ្វើពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ វិស័យអចលនទ្រព្យកម្ពុជាត្រូវបានអ្នកជំនាញវាយតម្លៃថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៤។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប៊្រីដគ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាកត់សម្គាល់ឃើញថាវិស័យដឹកជញ្ជូននៅកម្ពុជានៅមួយរយៈចុងក្រោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែវិស័យនេះនៅតែជួបបញ្ហាការប្រកួតប្រជែង និងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវសហការគ្នាដោះស្រាយ ដើម្បីឲ្យធ្វើវិស័យដឹកជញ្ជូនកម្ពុជាកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។

បើនិយាយពីភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក យើងត្រូវមើលទៅលើតម្លៃ និងពេលវេលានៃការដឹកជញ្ជូននិងការតភ្ជាប់បណ្តាញដឹកជញ្ជូនទាំងក្នុងស្រុកនិងក្រៅស្រុក ព្រោះការដឹកជញ្ជូនទំនិញវាត្រូវមានទៅហើយនឹងមក។
បើតាមការគូសបញ្ជាក់របស់ជំនួញដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងដឹកជញ្ជូនរូបនេះ វិស័យដឹកជញ្ជូនបានរួមចំណែកក្នុងថ្លៃដើមនៃផលិតកម្មរបស់រោងចក្រ សហគ្រាសចន្លោះពី១៥%ទៅ២០%។ ដូច្នេះប្រសិនបើប្រព័ន្ធដឹកជញ្ជូនៅកម្ពុជាមិនមានការប្រកួតប្រជែង នោះវានឹងធ្វើឲ្យកម្ពុជាអាចបាត់បង់ឱកាសក្នុងការស្រូបទាញការវិនិយោគ និងការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ដោយមើលឃើញពីសារសំខាន់របស់វិស័យដឹកជញ្ជូនចំពោះសេដ្ឋកិច្ច អ្នកឧកញ៉ា សៀ ឬទ្ធី ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ កាលពីពេលថ្មីៗ បានស្នើឲ្យសមាជិក សមាជិកនៃសមាគមឧកញ៉ាកម្ពុជាដែលកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូន ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ កសិកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀតរបស់កម្ពុជា។ ការស្នើឲ្យងាកការវិនិយោគពីវិស័យអចលនទ្រព្យមកវិស័យដឹកជញ្ជូននេះ គឺបន្ទាប់ពីអ្នកជំនួញរូបនេះសង្កេតឃើញថា ទីផ្សារតម្រូវការក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការធ្លាក់ចុះ គួបផ្សំវិស័យនេះជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាអ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group ដែលជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅកម្ពុជាកត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ដែលធ្វើឲ្យចរន្តទិញលក់ក្នុងវិស័យនេះមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយ។ បញ្ហាការផ្គត់ផ្គង់លើសតម្រូវការនេះត្រូវបានអ្នកជំនួញរូបនេះវាយតម្លៃថា គឺដោយសារអ្នកវិនិយោគនាំគ្នាសម្រុកវិនិយោគលើវិស័យនេះខ្លាំងពេក ក្រោយឃើញវិស័យនេះមានការរីកចម្រើនខ្លាំង និងផ្តល់ប្រាក់ចំណេញខ្ពស់ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យឆ្អែត។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះវាយតម្លៃថា ទីផ្សារអចលនទ្រព្យកម្ពុជាអាចនឹងបន្តជួបការលំបាករហូតដល់ឆ្នាំ២០២៤ ដោយសារបច្ចុប្បន្នការអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនដើម្បីបំពេញតម្រូវការដែលបានទិញកាលពីឆ្នាំ២០២២។ តែយ៉ាងណាក៏ដោយអ្នកឧកញ៉ា លាង ម៉េង រំពឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងមានយុទ្ធសាស្ត្រក្នុងការធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាងើបឡើងខ្លាំងម្តងទៀតនាពេលខាងមុខ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកជំនួយដ៏ល្បីល្បាញទាំងពីររូបខាងលើធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជាក្រោមការសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាពីបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ វេទិកានេះបានផ្តោតការពិភាក្សាសំខាន់ទៅលើឱកាស និងបញ្ហាប្រឈមនានាក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ៕




អត្ថបទបន្ទាប់


កម្ពុជានឹងមានក្រុមហ៊ុនផលិតសំបកកង់រថយន្តធំៗពីរបន្ថែមទៀត ក្នុងពេលឆាប់ខាងមុខនេះ

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់នៅក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ថា កម្ពុជានឹងមានក្រុមហ៊ុនផលិតសំបកកង់…

ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន

យោងតាមការធ្វើបច្ចុប្បន្នភាពបឋមចុងក្រោយកាលពីថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃ Maui បានឆក់យកជីវិតមនុស្ស៩៣នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ