ពាក់ព័ន្ធបញ្ហាប្រេងឡើងថ្លៃនេះដែរ កន្លងមករាជរដ្ឋាភិបាល និងក្រុមហ៊ុននាំចូលបានជួយចេញ៤សេនដុល្លារក្នុង១លីត្រ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានជួយបញ្ចុះតម្លៃប្រេង ១,៥សេនក្នុង១លីត្រ ហើយក្រុមហ៊ុនក៏ជួយ១សេនបន្ថែមទៀតដែរ ប្រសិនបើតម្លៃសាំងកើនលើស៩០ដុល្លារក្នុងមួយបារ៉ែល និងម៉ាស៊ូតលើស១០០ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីស្ថានភាពតម្លៃទំនិញ និងសេវាកម្មនៅកម្ពុជា ក្រោយតម្លៃប្រេងសាំងកើនឡើងដល់ ៥,៨០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៦,១០០រៀលក្នុង១លីត្រ។ ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះបាន និងកំពុងបង្កក្តីបារម្ភដល់អ្នករកស៊ីក្នុងវិស័យផ្សេងៗ រួមទាំងប្រជាពលរដ្ឋ ដ្បិតវាបានជំរុញតម្លៃទំនិញ និងសេវាកម្មមានការកើនឡើង ហើយការចំណាយរបស់ប្រជាពលរដ្ឋកាន់តែរីកប៉ោង។
តែយ៉ាងណាបើតាមការអះអាងរបស់ មន្ត្រីជាន់ខ្ពស់រូបនេះ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅមួយរយៈចុងក្រោយមិនទាន់ជំរុញឲ្យតម្លៃទំនិញនិងសេវាកម្មនៅកម្ពុជាកើនឡើងហួសហេតុរហូតមិនអាចគ្រប់គ្រងបាននោះទេ ទោះបីវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនក៏ដោយ។ «ជាការពិតប្រេងឥន្ទន:ឡើងថ្លៃវាជះឥទ្ធិពលដល់វិស័យផ្សេងៗជាមិនខាន។ យ៉ាងណាក៏ដោយ ស្ថានភាពជាក់ស្ដែងនៅកម្ពុជា ថ្លៃទំនិញ និងសេវាកម្មនៅមិនទាន់ឡើងថ្លៃហួសហេតុនៅឡើយទេ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ាង ថៃ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងកន្លងមកថា ទោះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងខ្ពស់ ដោយសារការកើនឡើងតម្លៃប្រេងឆៅសកលក៏ដោយ តែកម្ពុជាមិនបានជួបប្រទះបញ្ហាអតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើងនោះទេ។ ហើយកម្ពុជា ក៏ទំនងជាមិនអាចជួបប្រទះបញ្ហានេះដែរ ព្រោះកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយដែរនៅតំបន់អាស៊ាន។
ពាក់ព័ន្ធតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះដែរ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ កន្លងមករាជរដ្ឋាភិបាលបានជួយចេញ២សេនដុល្លារក្នុងមួយលីត្រ និងក្រុមហ៊ុននាំចូលជួយ២សេនក្នុងមួយលីត្រ។ ហើយកាលពីពេលថ្មីៗនេះ ដោយសារថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងច្រើនពេក រាជរដ្ឋាភិបាលបានជួយបញ្ចុះ ១,៥ សេនក្នុងមួយលីត្រទៀត ហើយក្រុមហ៊ុនក៏ជួយ១សេនក្នុងមួយលីត្រ បើថ្លៃសាំងឡើងលើស៩០ដុល្លាក្នុងមួយបារ៉ែល និងម៉ាស៊ូតឡើងលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។ សរុបមក បច្ចុប្បន្ននេះ ក្នុងប្រេងមួយលីត្រ រាជរដ្ឋាភិបាល និងអ្នកនាំចូលជួយ ៦,៥ សេនក្នុងមួយលីត្រ។
យើងសង្កេតឃើញថាក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានរុញច្រានតម្លៃប្រេងឥន្ធនៈនៅលើពិភពលោកឲ្យហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ក៏មានការកើនឡើងតាមនឹងផងដែរ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា។ វិបត្តិនៅអ៊ុយក្រែននេះក៏បានធ្វើឲ្យប្រទេសមួយចំនួនជួបបញ្ហាវិបត្តិខ្វះថាមពលនិងប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្រោយប្រទេសទាំងនោះដាក់ទណ្ឌកម្មរុស្ស៊ីដោយឈប់ទិញប្រេង និងថាមពលពីរុស្ស៊ី៕