ក្រោមការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីសម្ភោធ ជាផ្លូវការតាមប្រព័ន្ធ អនឡាញនេះប្រព្រឹត្តក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត, រដ្ឋមន្រ្តីនៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម វង្សី វិស្សុត, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូល និធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)។
កម្មវិធីបណ្តុះបណ្តាលស្តីពី “ការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា” នេះរួមមានសេរ៊ីនៃសិក្ខាសាលាផ្ទាល់តាមអនឡាញ មុខវិជ្ជាទម្រង់អនឡាញ ការពិភាក្សាជាក្រុម និងការសិក្សាលើគម្រោងនានាដោយសិក្ខាកាម នៅចន្លោះខែកក្កដា ដល់សីហាឆ្នាំ ២០២១។ កម្មវិធីអប់រំនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យស្ទែនហ្វដតាមរយៈ “មជ្ឈមណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ” (Stanford Center for Professional Development) ដែលឈានមុខគេលើផ្នែកអប់រំតាមប្រព័ន្ធអនឡាញ និងវិសាលភាពទូលំទូលាយ នៃការអប់រំ។
សិក្ខាកាមនឹងទទួលបាននូវគន្លឹះសំខាន់ៗជំរុញបរិវត្តកម្មឌីជីថលនិងជំនាញចាំបាច់ផ្សេងៗព្រមទាំង យុទ្ធសាស្ត្រ សម្រាប់អនុវត្តការងារនិងគ្រប់គ្រងនៅក្នុងអង្គភាពរៀងខ្លួនប្រកបដោយនវានុវត្តន៍ ។ ក្រោមការ ផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការគាំទ្រយ៉ាងមុតមាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីនេះមានគោលបំណងអភិវឌ្ឍអ្នកដឹកនាំមកពីវិស័យសាធារណៈនិងឯកជន ឱ្យក្លាយ ជាភ្នាក់ងារផ្លាស់ប្តូរប្រកបដោយនវានុវត្តន៍ ចំណេះដឹង និងជំនាញ ដែលគាំទ្រ និង ជំរុញដល់បរិវត្តកម្មឌីជីថល របស់ប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត ស្របពេលដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជា ផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។ សកម្មភាពអាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ចេញរួមមានការកសាងហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរសេវាទូរសព្ទ និងអ៊ីនធឺណិត, ពង្រឹងសមត្ថភាព ICT របស់យើងតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍, ការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក, ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយក្លោដ, និងការលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) មានប្រសាសន៍ថា កម្មវិធី បណ្តុះបណ្តាលនេះរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។
ឯកឧត្តមបន្តថាកម្មវិធីសិក្សា នេះរៀបចំឡើងស្របតាមបរិបទបច្ចុប្បន្ន និងស្របគ្នាជាមួយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥។ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ដ៏លំបាកនេះ សហគមន៍ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមត្រូវតែចាប់យកភាពជាអ្នកដឹកនាំខ្លាំង ដើម្បីពន្លឿនឌីជីថលូបនីយកម្មក្នុង ប្រតិបត្តិការរបស់ពួកគេ។ ទន្ទឹមនឹងនេះ វិស័យសាធារណៈក៏ត្រូវការផ្លាស់ប្តូរលឿនជាងមុនផងដែរ ដើម្បីចាប់យក កាលានុវត្តភាពសំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួនផង និងធានានូវភាពពាក់ព័ន្ធនៅក្នុងការប្រែប្រួល បរិបទសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផង ។
លោកស្រី Carissa Little ព្រឹទ្ធបុរសរង ទទួលបន្ទុកផ្នែកប្រព័ន្ធអប់រំជាសកលនិងអនឡាញ នៃមហាវិទ្យាល័យវិស្វកម្មសាកលវិទ្យាល័យស្ទែនហ្វដ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសម្ពោធថា ដូចអ្នកសង្កេតការណ៍ជាច្រើនបានលើកឡើង ជំងឺកូវីដ១៩បានជំរុញនូវតម្រូវការ ឌីជីថលូបនីយកម្មនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ។ ដើម្បីលូតលាស់នៅក្នុងបរិបទដែលមានការអភិវឌ្ឍឥតឈប់ឈរនេះ វាទាមទារឱ្យមានជំនាញថ្មីៗជាច្រើន។ សាកលវិទ្យាល័យស្ទែនហ្វដសំបូរទៅដោយបទពិសោធន៍ទាក់ទងនឹងសហគ្រិនភាព ព្រមទាំងសមត្ថភាពក្នុងការសម្របសម្រួលដល់បរិវត្តកម្មថ្នាក់តំបន់តាមរយៈការអប់រំ។
លោកស្រី Little សង្ឃឹមថាប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈកម្មវិធីសិក្សានេះ ។
ជាមួយនឹងការខិតខំរួមគ្នា កម្មវិធីនេះបានទទួលយកសិក្ខាកាមដែលជាមន្ត្រី និងបុគ្គលិកជាន់ខ្ពស់ចំនួន ១០០ នាក់ មកពីវិស័យសាធារណៈ និងឯកជនជាច្រើន ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ សប្តាហ៍។ កម្មវិធីនេះនឹងត្រូវបាន រៀបចំនៅរាជធានីភ្នំពេញដោយមានការគាំទ្រពី AUPP និង សហគ្រិនខ្មែរ ៕