អភិបាលរដ្ឋ Victoria លោក Daniel Andrews បាននិយាយថា ប្រជាពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះ លើកលែងតែត្រូវធ្វើការងារ, សេវាកម្មសំខាន់ៗ, ការព្យាបាលសុខភាព ឬក៏ទៅសាលារៀនតែប៉ុណ្ណោះ។ រដ្ឋ Victoria នេះ ត្រូវបានរកឃើញករណីឆ្លងថ្មី រហូតដល់ ១៩១ ករណី ក្នុងមួយយប់ ដែលជាការកើនឡើងករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតតាំងពីមានវិបត្តិមេរោគឆ្លងនេះបានចាប់ផ្ដើមឡើង។
លោក Andrews បានប្រាប់ទៅកាន់អ្នកកាសែតថា «មិនមានចំនួនច្បាស់លាស់ចំពោះករណីថ្មីកើនខ្ពស់បំផុតនៅឡើយទេ។ នៅក្នុងកម្រិតបែបនេះ វាមិនអាចទៅរួចទេ ក្នុងការទប់ស្កាត់ និងគ្រប់គ្រង មេរោគនេះ ដោយគ្មានការចាត់វិធានការច្បាស់លាស់។»
ការប្រកាសចាក់សោរបិទទីក្រុងជាថ្មីនេះ គឺបានធ្វើឲ្យរាំងស្ទះដល់ក្ដីសង្ឃឹមរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្គុត ម៉ូរីសុន ដែលមានបំណងថា នឹងដកចេញនូវវិធានការរឹតត្បឹតផ្នែកគម្លាតសង្គមនៅទូទាំងប្រទេស និងការបិទព្រំដែន នៅក្នុងចុងខែកក្កដានេះ ក្នុងគោលដៅស្ដារសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះនោះ។
ការរីករាលដាលជំងឺក្នុងរដ្ឋ Victoria ធ្វើឲ្យមានហានិភ័យកាន់តែខ្លាំងឡើង និងកំពុងអូសបន្លាយពេលការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលជិត ៣ទសវត្សរ៍មកនេះ។
តម្លៃលុយដុល្លារអូស្ត្រាលី ក៏បានធ្លាក់ចុះ ០,២% ផងដែរ ដោយ១០០ដុល្លារអូស្ត្រាលី មានតម្លៃមកនៅត្រឹម៦៩,៥៧ ដុល្លារអាមេរិកប៉ុណ្ណោះ ក្រោយពីមានការប្រកាសបិទទីក្រុងនោះ។
ក្រុមហ៊ុន IBISWorld បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «ការងើបឡើងវិញនៃសេដ្ឋកិច្ចអូស្ត្រាលីទាំងមូល គឺរំពឹងថា នឹងត្រូវបានបង្អាក់ដោយសារតែការបិទជាលើកទី២នេះ»។ ក្រុមហ៊ុននេះ បានគូសបញ្ជាក់ទៀតថា រដ្ឋ Victoria គឺបានចូលរួមចំណែកជិត២៤% នៃ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំសាពើពន្ធ ២០១៩។
ការបិទនៅទូទាំងទីក្រុងមែលប៊ន គឺធ្វើឡើងបន្ទាប់ពី មានករណីឆ្លងថ្មី កើនឡើងប្រចាំថ្ងៃក្នុងអត្រាកំណើន២ខ្ទង់ ក្នុងរយៈពេលជាង២សប្ដាហ៍មកនេះ ហើយអាជ្ញាធរបានហាមពលរដ្ឋចេញពីផ្ទះបើមិនមានការចាំបាច់ លើកលែងតែត្រូវទៅធ្វើការ និងទិញទំនិញសំខាន់ៗប៉ុណ្ណោះ។
ខណៈដែលអូស្ត្រាលី ជាប្រទេសមួយមានការកំណត់នូវការរីករាលដាលនៃមេរោគឆ្លងបាននៅចំនួន តិចជាង ៩ពាន់ករណីនោះ ការឆ្លងរាលដាលនៅក្នុងរដ្ឋVictoria គឺកំពុងតែបង្ហាញពីភាពលំបាកកាន់តែខ្លាំងក្នុងការទប់ស្កាត់ បើគ្មានថ្នាំវ៉ាក់សាំងទេនោះ៕