នាយករដ្ឋមន្ត្រីថ្មីរូបនេះ សន្យាថា នឹងដឹកនាំឲ្យអូស្រ្តាលីឲ្យរួបរួមគ្នាឡើងវិញ បន្ទាប់ពីយុទ្ធនាការបោះឆ្នោតដ៏ចម្រោងចម្រាសធ្វើឲ្យសង្គមប្រេះស្រាំ ស្របពេលដែលលោកបានប្តេជ្ញាចិត្តដោះស្រាយការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។ លោកអាន់តូនី ក៏នឹងត្រូវទៅជួបប្រជុំជាមួយសម្ព័ន្ធមិត្ត Quad ក្នុងប្រទេសជប៉ុន ដែលជាភារកិច្ចដំបូងភ្លាមៗរបស់លោក ក្នុងតំណែងនាយករដ្ឋមន្ត្រីផងដែរ។
ក្នុងពិធីស្បថចូលកាន់ដំណែង លោកអាន់តីនី អាលបាណេសបាននិយាយថា រូបលោកនឹងដឹកនាំរដ្ឋាភិបាលមួយដែលធ្វើឱ្យប្រជាជនអូស្ត្រាលីមានមោទនភាព ជារដ្ឋាភិបាលដែលមិនឲ្យមានការបែកបាក់គ្នា ប៉ុន្តែនឹងស្វែងរកការរួបរួមសាមគ្គីជំនួសវិញ។
បើទោះបីជា សន្លឹកឆ្នោតនៅតាមមណ្ឌលមួយចំនួនតូចនៅកំពុងរាប់នៅឡើយ ហើយគណៈរដ្ឋមន្ត្រីថ្មីក៏មិនទាន់ចេញជារូបរាងក៏ដោយ ក៏លោក អាន់តូនី បានស្បថចូលកាន់តំណែងរួចទៅហើយ ដូច្នេះគាត់នឹងអាចទៅចូលរួមកិច្ចប្រជុំនៃក្រុមសម្ព័ន្ធមិត្ត Quad នៅទីក្រុងតូក្យូក្នុងថ្ងៃទី ២៤ឧសភាបាន។
ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គឺជាសមាជិករបស់ Quad ហើយសម្ព័ន្ធនេះ ជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញឱ្យប្រឆាំងនឹងការកើនឡើងនៃសកម្មភាពនយោបាយ ពាណិជ្ជកម្ម និងយោធារបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
សម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់អូស្រ្តាលី ទំនាក់ទំនងរបស់ប្រទេសលោក ជាមួយនឹងប្រទេសចិននឹងនៅតែជាការលំបាកមួយ។ លោកបានស្តីបន្ទោសដល់ចិន ដែលមានការផ្លាស់ប្តូរគោលនយោបាយជាមួយអូស្រ្តាលី ខណៈដែលអូស្រ្តាលីមិនធ្លាប់បានប្រែប្រួលឡើយ។
គួររំឭកថា ទំនាក់ទំនងរបស់អូស្រ្តាលីជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនកំពុងស្ថិតក្នុងកម្រិតទាបបំផុត បន្ទាប់ពីប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើបញ្ហាមួយចំនួន រួមទាំងពាណិជ្ជកម្ម ប្រភពដើមនៃមេរោគឆ្លង និងការចោទប្រកាន់លើអូស្ត្រាលីពីការជ្រៀតជ្រែកនយោបាយការបរទេសរបស់ចិន៕