ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា យន្តហោះល្បាតដែនសមុទ្រប្រភេទ P-8A ត្រូវបាន គេបាញ់ឡាស៊ែរដាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈពេលកំពុងហោះហើរពីលើភាគខាងជើងនៃប្រទេសអូស្ត្រាលី ដោយការបាញ់នេះ ត្រូវបានអូស្ត្រាលីអះអាងថា គឺបានបាញ់ចេញពីនាវាកងទ័ពជើងទឹកចិន។ ក្រសួងការពារជាតិអូស្ត្រាលីអះអាងថា ការបាញ់នេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
នាយករដ្ឋមន្ត្រី ម៉ូរីសុន បាននិយាយថា រដ្ឋាភិបាលក្រុងកង់បេរ៉ានឹងទាមទារការបកស្រាយពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ ដោយឡែក មកទល់នឹងពេលនេះ មិនទាន់មានការបកស្រាយជាសាធារណៈណាមួយពីភាគីចិននៅឡើយទេ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton ឯណោះវិញបានហៅឧបទ្ទវហេតុនេះថា ជាទង្វើរំលោភបំពាន ដែលបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអូស្ត្រាលី។
គួរជម្រាបថា មុនមានឧបទ្ទវហេតុនេះ នាវារបស់ចិនបានធ្វើដំណើរឆ្ពោះទៅទិសខាងកើត ឆ្លងកាត់សមុទ្រអារ៉ាហ្វូរ៉ា (Arafura Sea) ទើបមានបញ្ហានេះកើតឡើងតែម្តង។ សមុទ្រអារ៉ាហ្វូរ៉ា ស្ថិតនៅចន្លោះឆ្នេរភាគខាងជើងនៃប្រទេសអូស្ត្រាលី និងខាងត្បូងប្រទេស Papua New Guinea។
សូមរំឭកថា ទំនាក់ទំនងរវាងអូស្ត្រាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់គ្នាទៅវិញញទៅមក មិនដែលល្អូកល្អឺននឹងគ្នានោះទេ ចាប់តាំងពីទីក្រុងកង់បេរ៉ាបានហាមឃាត់ក្រុមហ៊ុន Huawei ពីការអភិវឌ្ឍន៍បណ្តាញអ៊ីនធឺណិត 5G របស់ខ្លួនក្នុងឆ្នាំ២០១៨ ក្រោយមកចិនចាប់ផ្តើមបិទការនាំចូលមុខទំនិញសំខាន់ៗពីអូស្ត្រាលីដូចជា កប្បាស ស្រាក្រហម និងធ្យូងថ្មជាដើម ស្របពេលដែលអូស្ត្រាលីចាប់ផ្តើមបើកកកាយឲ្យគេស៊ើបរកប្រភពដើមកូវីដ១៩ផងដែរ។ ថ្មីៗនេះ ភាគីទាំងពីរ បានប្ដឹងគ្នាទៅដល់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕