ប្រទេសចិនត្រូវបានគេដឹងថា គឺជាទីផ្សារនាំចូលស្រាដ៏ធំបំផុតពីប្រទេសអូស្ត្រាលី ប៉ុន្ដែ បន្ទាប់ពីប្រទេសទាំងពីរមានការទាស់សម្ដីគ្នាជាបន្ដបន្ទាប់នោះ នៅខែមុននេះ អាជ្ញាធរចិនបានសម្រេចប្រកាសបន្ដយកពន្ធលើស្រានាំចូលពីអូស្ត្រាលីជាង ២០០% រហូតដល់រយៈពេល៥ឆ្នាំ។ នៅអំឡុងពេលការនាំចេញស្រាទៅចិនដាំក្បាលចុះខ្លាំង អូស្ត្រាលីក៏កំពុងបង្កើនការនាំចេញទៅអង់គ្លេស អាល្លឺម៉ង់ និងនូវែលសេឡង់ផដែរ។
គេសង្កេតឃើញថា ប្រទេសចិន និងអូស្ត្រាលី នៅមួយរយៈចុងក្រោយនេះ កំពុងដំឡើងឫទ្ធដាក់គ្នា កាន់តែខ្លាំងឡើង ពិសេសគឺមានការព្រលយនូវពាក្យសម្ដីតិះទៀនគ្នាមិនឈប់មិនឈរ។ ជាក់ស្ដែង ថ្មីៗនេះដែរ អូស្ត្រាលីក៏ទើបតែបានលុបចោលកិច្ចព្រមព្រៀង «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលខ្លួនធ្លាប់បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលចិននាពេលកន្លងមក។ ប្រការនេះ បានធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងបានចេញមករិះគន់អូស្ត្រាលីយ៉ាងចាស់ដៃ ដោយចិនបានហៅទង្វើរបស់អូស្ត្រាលីនេះ ថាជា «ការវាយប្រហារអត្តឃាត» និងបានប្ដេជ្ញាថា នឹងមានវិធានឆ្លើយតបទៅអូស្ត្រាលីវិញ៕