នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានអះអាងកាលពីព្រហស្បតិ៍ ថា រដ្ឋាភិបាលនឹងបង្កើតច្បាប់មួយដើម្បីដាក់បម្រាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម១៦ឆ្នាំ ដែលជាគោលនយោបាយនាំមុខគេមួយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសអូស្ត្រាលី កំពុងសាកល្បងប្រើប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដើម្បីជួយទប់ស្កាត់ក្មេងកុំឱ្យចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាផ្នែកមួយនៃការហាមឃាត់ ដែលអាចចូលជាធរមានបានភ្លាមៗនៅចុងឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេថូនី អាល់បានីស បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់ក្មេងៗ ហើយលោកកំពុងជំរុញឱ្យទប់ស្កាត់លើបញ្ហានេះ។
ជាមួយគ្នានេះ លោក អាល់បានីស បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីៗពីការបង្ហាញរូបភាពរាងកាយដែលអាចបង្កគ្រោះថ្នាក់ និងខ្លឹមសារមិនល្អសំដៅទៅលើក្មេងប្រុសៗ។
បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរូបនេះ ច្បាប់នេះនឹងបញ្ជូនទៅសភា ដើម្បីអនុម័តនៅឆ្នាំនេះ ហើយវានឹងចូលជាធរមានក្នុងរយៈពេល១២ខែ បន្ទាប់ពីសភាបានផ្តល់សច្ចាប័នរួចហើយ។ គណបក្សសេរីនិយមដែលជាបក្សជំទាស់ ក៏បានបង្ហាញពីការគាំទ្រចំពោះច្បាប់នេះដែរ។ ច្បាប់នេះនឹងគ្មានការលើកលែងចំពោះក្មេងណាមួយឡើយ បើទោះបីជាមានការយល់ព្រមពីមាតាបិតា និងមានគណនីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយហើយក៏ដោយ។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍របស់អូស្ត្រាលី លោកស្រី មីកឆែល រ៉ូឡេន (Michelle Rowland) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពាក់ព័ន្ធនឹងច្បាប់នេះ រួមមានប្រព័ន្ធ Instagram និង Facebook របស់ក្រុមហ៊ុន Meta Platforms ប្រព័ន្ធ TikTok របស់ក្រុមហ៊ុន Bytedanceនិងប្រព័ន្ធ X របស់លោក អេឡិន ម៉ាស និងប្រព័ន្ធ YouTube របស់ក្រុមហ៊ុន Alphabet ផងដែរ។
សូមរំលឹកថា កន្លងមកក៏មានប្រទេសមួយចំនួនបានប្ដេជ្ញាទប់ស្កាត់ការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មេងតាមរយៈច្បាប់ផងដែរ មានដូចជាបារាំង សហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួនទៀត ប៉ុន្តែមានតែអូស្ត្រាលីទេ ដែលបានរឹតបន្តឹងខ្លាំងជាងគេ៕
អត្ថបទ៖ សុខ មង្គល