គណបក្សការងារ ដែលមាននិន្នាការ កណ្តាលឆ្វេងនិយមបានឡើងកាន់អំណាចនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូងដែលមានប្រជាជនប្រមាណ ១លាន៨សែននាក់បន្ទាប់ពីមេដឹកនាំគណបក្សសេរីនិយមប្រចាំរដ្ឋនេះគឺលោក ស្ទេវិន ម៉ាសល់ (Steven Marshall) បានទទួលស្គាល់បរាជ័យក្រោយពីការបោះឆ្នោតកាលពីល្ងាចថ្ងៃសៅរ៍។
សារព័ត៌មានអូស្ត្រាលី AAP បានរាយការណ៍ថា គណបក្សការងារដែលដឹកនាំដោយអតីតមេសហជីពគឺលោក ភឺធឺ ម៉ាលីណូស្កាស (Peter Malinauskas) មើលទៅទំនងជាអាចគ្រប់គ្រងអាសនៈយ៉ាងតិច២៥ កៅអីនៅក្នុងសភារដ្ឋមួយនេះ នៅក្នុងចំណោមអាសនៈសរុប ៤៧ កៅអីបន្ទាប់ពីទទួលបានជោគជ័យដ៏សន្ធឹកសន្ធាប់នេះ។
ទោះយ៉ាងណា គេត្រូវចាំអ៊ុតមើលជាមុនសិនពីការរាប់សន្លឹកឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលគេបានបោះនៅតាមប្រៃសណីយ៍ និងបោះនៅមុនថ្ងៃនៃការបោះឆ្នោត ហើយនៅថ្ងៃចន្ទនេះ ក៏ជាពេលដែលនឹងប្រកាសពីលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅតាមរដ្ឋនៃប្រទេសអូស្ត្រាលីផងដែរ។
ការចាញ់ឆ្នោតរបស់គណបក្សកាន់អំណាចរបស់អូស្ត្រាលី នៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូង ក៏កំពុងបង្កការព្រួយបារម្ភចំពោះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ូរីសុន ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងនៅក្នុងយុទ្ធនាការស្វែងរកការជាប់ឆ្នោតនៅអណាត្តិថ្មីរបស់លោក ដែលនឹងត្រូវធ្វើឡើងនៅប្រហែល២ខែខាងមុខនេះផងដែរ។
គណបក្សសេរីនិយមរបស់លោក ម៉ូរីសុន ទាំងថ្នាក់រដ្ឋនិងសហព័ន្ធបាននិងកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញការដោះស្រាយរលកចុងក្រោយនៃការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ ខណៈដែលករណីឆ្លងនិងករណីស្លាប់បានកើនឡើងឥតឈប់ឈរបន្ទាប់ពីការផ្ទុះឡើងនូវមេរោគថ្មីអូមីក្រុងនៅក្នុងប្រទេសនេះ។
មេដឹកនាំគណបក្សការងារ ដែលជាបក្សប្រឆាំងរបស់អូស្ត្រាលី គឺលោក អេនថូនី អាល់បានីស (Anthony Albanese) បានទាញប្រជាប្រិយភាពពីលោក Morrison ដែលអាចក្លាយជានាយករដ្ឋមន្ត្រីដែលមានការពេញចិត្ត ពីប្រជាពលរដ្ឋលើកដំបូងតាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនស្ទង់មតិ Newspoll កាលពីសប្តាហ៍មុន៕
អត្ថបទ សុខ ជា