អូស្ត្រាលីហាមឃាត់ការនាំចេញអាលុយមីញ៉ូម

អូស្ត្រាលីហាមឃាត់ការនាំចេញអាលុយមីញ៉ូមទៅឱ្យរុស្ស៊ី តែផ្ដល់ជំនួយធ្យូងថ្មីទៅឲ្យអ៊ុយក្រែន


ប្រទេសអូស្ត្រាលីបានដាក់បម្រាមភ្លាមៗលើការនាំចេញអាលុយមីញ៉ូម និងរ៉ែអាលុយមីញ៉ូមរួមទាំងសារធាតុបុកស៊ីតទៅកាន់ប្រទេសរុស្ស៊ី ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ សម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។ ប៉ុន្ដែ ជាមួយគ្នានោះ អូស្ត្រាលី ក៏បានផ្ដល់ជំនួយធ្យូងថ្មដល់ប្រទេសអ៊ុយក្រែនផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
Halt Aluminum Export to Russia.JPG

រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​ក្រសួង​ជា​ច្រើន​រួម​ទាំង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ​ថា «​រុ​ស្ស៊ី​ពឹងផ្អែក​លើ​ប្រទេស​អូស្ត្រាលី​សម្រាប់​តម្រូវការ​អាលុយមីញ៉ូម​ជិត ២០ ភាគរយ​» ហើយ​ការ​ដាក់​បម្រាម​នេះ​នឹង​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ជួប​ការ​លំបាក​ខ្លះ​ៗ​នៅ​ក្នុង​ការ​ផលិត​អាលុយមីញ៉ូម ដែល​ជា​ការ​នាំ​ចេញ​ដ៏​សំខាន់​សម្រាប់​ប្រទេស​រុ​ស្ស៊ី​។

សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​នាំ​ចេញ និង​ស្ថាប័ន​កំពូល​ៗ ដែល​រង​ផល​ប៉ះពាល់ ដោយ​ការ​ហាមឃាត់​នេះ ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មី និង​ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​នេះ​។

ក្រុមហ៊ុន​រុករក​រ៉ែ​អង់គ្លេស​-​អូស្ត្រាលី Rio Tinto បាន​កាន់កាប់​ភាគហ៊ុន ៨០% នៅ​ក្នុង​ក្រុមហ៊ុន Queensland Alumina Ltd (QAL) ក្នុង​ការ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Rusal International PJSC របស់​រុ​ស្ស៊ី​ដែល​ជា​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ធំ​ទី​២​ក្នុង​ពិភពលោក​។

កាលពី​ស​ប្តា​ហ៍​មុន​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​ពាណិជ្ជករ​រុ​ស្ស៊ី​ចំនួន ២ នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឧស្សាហកម្ម​រ៉ែ​នៅ​អូស្ត្រាលី ដែល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ គឺជា​មហាសេដ្ឋី​ឈ្មោះ Oleg Deripaska ដែល​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន QAL​។

សេចក្តីថ្លែងការណ៍​រួម​នេះ​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ ប្រទេស​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​សរុប​ចំនួន ៤៧៦ លើក​ទៅ​លើ​បុគ្គល​ចំនួន ៤៤៣ នាក់ រួម​ទាំង​អ្នកជំនួញ​ជិត​ស្និទ្ធ​នឹង​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin និង​ទៅ​លើ​អង្គភាព​ចំនួន ៣៣ រួម​ទាំង​វិស័យ​ធនាគារ​ភាគច្រើន​របស់​រុ​ស្ស៊ី និង​អង្គភាព​ដែល​ទទួលខុសត្រូវ​លើ​បំណុល​អធិបតេយ្យ​របស់​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

ស្រប​ពេល​នេះ​ដែរ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​នឹង​បរិច្ចាគ​ធ្យូងថ្ម​កម្ដៅ​យ៉ាង​ហោច​ណាស់ ៧​ម៉ឺន​តោន​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​បំពេញតម្រូវការ​ថាមពល​របស់​ខ្លួន​។

ក្រុមហ៊ុន​ផលិត​ធ្យូងថ្ម​នៅ​ប្រទេស​អូស្ត្រាលី​បាន​ទទួល​ការ​អំពាវនាវ​ឱ្យ​មានការ​ផ្គត់ផ្គង់​ផ្ទួន​ៗ​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ពី​សំណាក់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ប៉ូ​ឡូញ ដែល​ប្រទេស​ទាំងនេះ​ធ្លាប់​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​ធ្យូងថ្ម​របស់​រុ​ស្ស៊ី​កាលពីមុន​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​អ៊ុយ​ក្រែ​ន​។

ឥឡូវនេះ​រដ្ឋាភិបាល​អូស្ត្រាលី​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ខ្លួន និង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ព្រមទាំង​ប៉ូ​ឡូញ ដើម្បី​ចែកចាយ​ការ​ផ្គត់ផ្គង់​នេះ​យ៉ាង​ឆាប់រហ័ស​បំផុត ។

រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​សន្យា​ដែរ​ថា នឹង​ផ្ដល់​បន្ថែម​នូវ​សម្ភារៈ​យោធា​និង​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​៕

អត្ថបទ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីនៅសល់ស្ដុកមាសជាង២ពាន់តោន តម្លៃជិត១៤០ពាន់លានដុល្លារ ប៉ុន្ដែមិនមានអ្នកចង់ទិញ

ព័ត៌មាន
ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា គឺជាប្រទេសធំផុតទី៥ ដែលមានស្ដុកទុកមាសច្រើនជាងគេបំផុត ប្រហែលជាង៣ពាន់២រយតោន ឬស្មើនឹងតម្លៃជិត១៤០ពាន់លានដុ…

គណបក្សរបស់លោក ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រឈមនឹងការចាញ់ក្នុងការបោះឆ្នោតរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល

ព័ត៌មាន
គណបក្សសេរីនិយម (Liberal Party) របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បានបាត់បង់អំណាចនៅក្នុងរដ្ឋអូស្ត្រាលីខាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ