កាស៊ីណូដែលត្រូវបានដកហូតអាជ្ញាបណ្ណខាងលើនេះ មានទីតាំងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនមនុស្សសរុបចំនួន ៧នាក់ (ស្រី១នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរស័ព្ទដៃចំនួន ១៧៦ គ្រឿង, កុំព្យូទ័រលើតុ (all in one) ចំនួន ៩២ គ្រឿង, Monitor ចំនួន ៤៨ គ្រឿង, CPU ចំនួន ៤៩ គ្រឿង, Laptop ចំនួន ៣៩ គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ឧបករណ៍ និងសម្ភារពាក់ព័ន្ធទាំងអស់ត្រូវបានប្រមូលយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម ខណៈដែលជនសង្ស័យត្រូវបានស៊ើបសួរ និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។
ក្នុងស្មារតីនេះ គ.ល.ក. នឹងប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីបន្ដប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ ដោយគ្មានការលើកលែង ចំពោះទីតាំងដែលមានសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ នោះឡើយ។