តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តដាក់ពង្រាយកងទ័ពចំនួន៥,០០០ នាក់បន្ថែមទៅកាន់ប្រទេសប៉ូឡូញ ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើតនេះ គឺធ្វើឡើងដោយសារតែលោកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រធានាធិបតីប៉ូឡូញលោក ការ៉ូល ណាវរ៉ក់ឃី (Karol Nawrocki)។
ជាការកត់សម្គាល់ ការប្រកាសរបស់លោក ដូណាល់ ត្រាំ នេះបានកើតឡើងស្របពេលដែលមន្ទីរបញ្ចកោណ ទើបតែបានសម្រេចលុបចោល និងកំពុងស្ថិតក្នុងដំណាក់កាលពិចារណាឡើងវិញ អំពីការដាក់ពង្រាយកងទ័ពអាម៉េរិករាប់ពាន់នាក់នៅទូទាំងតំបន់អឺរ៉ុប រួមទាំងប្រទេសប៉ូឡូញផងដែរ។
រឹតតែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺការប្រកាសនេះបានលេចឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ត្រូវចូលរួមប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសជាសមាជិកអង្គការ NATO នៅក្នុងប្រទេសស៊ុយអែត។ កិច្ចប្រជុំនោះត្រូវបានគេរំពឹងទុកថា នឹងត្រូវលើកយកបញ្ហាតានតឹងជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ និងការប្តេជ្ញាចិត្តរបស់បណ្ដាសម្ព័ន្ធមិត្ត មកជជែកដេញដោលគ្នាយ៉ាងក្តៅគគុក។
ក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះដែរ លោក ម៉ាកូ រូប៊ីអូ ក៏បានរិះគន់ចំៗទៅលើសម្ព័ន្ធមិត្តមួយចំនួន ដូចជាប្រទេសអេស្ប៉ាញជាដើម ចំពោះការដាក់កម្រិតមិនឱ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេ ខណៈដែលលោកបានសម្តែងការកោតសរសើរចំពោះប្រទេសដទៃទៀត ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយោធាយ៉ាងរឹងមាំជាមួយអាម៉េរិក។
ការផ្លាស់ប្តូរជំហរភ្លាមៗ និងផ្ទុយគ្នាស្រឡះរវាងប្រធានាធិបតី និងស្ថាប័នការពារជាតិខ្លួនឯងបែបនេះ បានបន្ថែមភាពច្របូកច្របូលយ៉ាងខ្លាំង លើផែនការយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អឺរ៉ុប។ ទោះជាយ៉ាងណា ក្រុមមន្ត្រីជាន់ខ្ពស់ នៃអង្គការ NATO នៅតែបន្តសង្កត់ធ្ងន់លើធ្លុងសាមគ្គីភាព និងការឯកភាពគ្នា ទោះបីជាបច្ចុប្បន្នកំពុងមានការមិនចុះសម្រុងគ្នាកាន់តែខ្លាំង លើការបែងចែកបន្ទុកចំណាយយោធា និងអាទិភាពសន្តិសុខនៅក្នុងតំបន់ក៏ដោយ៕
ដោយ: តែម សុខុម