សារព័ត៌មាន Bloomberg បានរាយការណ៍ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នាពេលបច្ចុប្បន្ន កំពុងតែប្រឈមមុខនឹងការបាត់បង់សម្ទុះកំណើនមួយផ្នែក ក្រោយរដ្ឋាភិបាលចិនកាត់បន្ថយការចំណាយយ៉ាងគំហុក ដែលធ្វើឱ្យអ្នកវិភាគមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមរបាយការណ៍ស្តីពីទំហំចំណាយសាធារណៈបានបង្ហាញថា អត្រានៃការចំណាយលើការចាយវាយផ្សេងៗរបស់រដ្ឋាភិបាលចិន បានធ្លាក់ចុះរហូតដល់៧,៣% កាលពីខែមេសា កន្លងទៅ បើប្រៀបធៀបនឹងខែមីនា ដែលធ្លាក់ចុះត្រឹមតែ ២,៥% ប៉ុណ្ណោះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការកាត់បន្ថយថវិកាចំណាយរបស់រដ្ឋាភិបាលចិន ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល៦ខែចុងក្រោយនេះ អាចជានិន្នាការមួយ ដែលរួមចំណែកធ្វើឱ្យលំហសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ចិន ជួបការថយចុះដោយនឹកស្មានមិនដល់។
ជាទូទៅដើម្បីរក្សាលំនឹងនៃកំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលចិន តែងតែដើរតួជាអ្នកជំរុញ និងគាំទ្រដល់ការវិនិយោគលើទ្រព្យសកម្មរបស់ប្រទេស។ ប៉ុន្តែនៅក្នុងខែមេសា កន្លងទៅ ទីក្រុងប៉េកាំង បានងាកមកប្រើប្រាស់ធម៌ក្តៅដោយកាត់បន្ថយការចំណាយយ៉ាងគំហុក ដែលសម្ពាធនេះនឹងជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ទៅលើកម្លាំងទិញ ឬអត្រាចំណាយរបស់អ្នកប្រើប្រាស់ទូទៅ។ កត្តានេះអាចបណ្តាលឱ្យការវិនិយោគផ្ទៃក្នុងជួបការរាំងស្ទះ ទោះបីជាវិស័យនាំចេញកំពុងមានការកើនឡើងក៏ដោយ ដែលអាចទាញទម្លាក់សេដ្ឋកិច្ចទាំងមូលឱ្យដាំក្បាលចុះបាន។
ផ្អែកលើស្ថានភាពដ៏តានតឹងនេះ ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានថយចុះមកនៅត្រឹមប្រហែល៤% ប៉ុណ្ណោះ នៅក្នុងខែមេសា ខណៈដែលគោលដៅប្រចាំឆ្នាំដែលរដ្ឋាភិបាលបានកំណត់ គឺស្ថិតក្នុងរង្វង់ពី៤,៥% ទៅ៥%។
គួរជម្រាបថា គណបក្សកុម្មុយនីស្តចិន កាលពីខែមេសា បានអនុម័តកញ្ចប់ថវិកាចំណាយលើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ប្រព័ន្ធទឹកស្អាត, អគ្គិសនី, ទូរគមនាគមន៍, ប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធភស្តុភារកម្មក្នុងតម្លៃត្រឹមតែ១ទ្រីលានយ័ន ឬប្រមាណជាង១៣៨ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះ ដែលចំនួននេះត្រូវបានគេចាត់ទុកថា មានទំហំតិចតួចពេក បើធៀបនឹងតម្រូវការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន៕
ដោយៈ សរ សុជាតិ