លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមគម្រោងនាវា Westerdam ដែលដឹកភ្ញៀវទេសចចម្រុះជាតិសាសន៍ ចំនួន៣,៥០០នាក់ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយនឹងចាកចេញទៅវិញនៅម៉ោង៩យប់ ក្នុងថ្ងៃដដែល។ សម្រាប់ការមកដល់របស់នាវា Westerdam លើកនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធនឹងរៀបចំកាដូជាបាច់ផ្កា ការសម្តែងរបាំបុរាណ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទាំងនោះ។ នេះបើតាមការអះអាងរបស់លោក តាំង សុចិត្តគ្រឹស្នា។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះបានចាត់ទុកវត្តមានរបស់នាវា Westerdam របស់សហរដ្ឋអាម៉េរិកលើកនេះវាពិតជាសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជាដែលកំពុងស្ថិតក្នុងដំណាក់នៃការស្តារឡើងវិញក្រោយវិបត្តិ ដ្បិតការធ្វើដំណើរកម្សាន្តតាមនាវាធុនធំលំដាប់អន្តរជាតិ គឺភាគច្រើនជាអ្នកមានជីវភាពធូរធារ។សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ វត្តមានរបស់នាវា Westerdaam មិនត្រឹមតែជួយបង្ហាញពីកម្ពុជាថាជាគោលដៅទេសចរណ៍មានទាក់ទាញ ស្អាត និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ក្នុងខេត្តព្រះសីហនុទៅកាន់ពិភពលោកផងដែរ។
គួររំលឹកថា នាវាទេសចរណ៍ Westerdam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងអំឡុងពេលពិភពលោកផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង បន្ទាប់ពីប្រទេស និងកោះចំនួន៥រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធកមិនឱ្យនាវា ដែលមានមនុស្សជាង២,២០០នាក់នេះចូលចត ដោយសារបារម្ភពីជំងឺកូវីដ-១៩។ ការអនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជាកាលនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានទាំងការរិះគន់ និងការសាទរពីប្រជាពលរដ្ឋ និងប្រទេសមួយចំនួននៅលើពិភពលោក។ តាមរយៈភាពក្លាហានរបស់ប្រមុខរាជរដ្ឋាភិបាលនេះបង្កើតឱ្យមានជាពាក្យស្លោកមួយ«កម្ពុជាតូចតែបេះដូងធំ»៕