បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យអចលនទព្យ និងលំនៅដ្ឋាន នាថ្ងៃទី៣០ ខែមិថុនា កន្លងមកនេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់សង្កេតឃើញថា នៅក្នុងចរន្តនៃការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការប្រើប្រាស់ទម្រង់ស្ដង់ដារនៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចលើវិស័យអចលនទព្យ និងលំនៅដ្ឋានមួយចំនួន មានភាពមិនសុចរិតនោះទេ។ តួយ៉ាងដូចជាមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញពីអ្នកប្រើប្រាស់ជាដើម ដោយក្នុងនោះ ទម្រង់ស្ដង់ដារនៃកិច្ចសន្យាខ្លះមិនបានផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគេឡើយ។ ជាមួយគ្នានេះ ទម្រង់ស្តង់ដារនៃកិច្ចសន្យាមួយចំនួនទៀត បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកឹបកេងយកផលចំណេញហួសហេតុពីអ្នកប្រើប្រាស់ផងដែរ។
តាមរយៈសកម្មភាពទាំងអស់នេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចលើវិស័យអចលនវត្ថុទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសប្រកាសស្តីពី ខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រព្រឹត្តទៅប្រកបដោយតម្លាភាព។ យ៉ាងណាមិញ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងជាសេនាធិការរបស់ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលទាំងឡាយណាដែលត្រូវបានរកឃើញថាប្រព្រឹត្តបំពានទៅនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ឬបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើទទួលរងនូវភាពអយុត្តិធម៌ ពាក់ព័ន្ធនឹងការកេងយកចំណេញហួសហេតុ ពីបុគ្គលធ្វើធុរកិច្ចក្នុងវិស័យអចលនវត្ថុនិងលំនៅដ្ឋានតាមរយៈការរៀបចំនូវទម្រង់ស្តង់ដារនៃកិច្ចសន្យាដែលមិនសុចរិត អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំផងដែរ៕