ក្រុមហ៊ុន Axiata Group គឺនៅក្នុងចំណោមបណ្តាញក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេនៅក្នុងអាស៊ី។ បច្ចុប្បន្ននេះ Axiata Group កំពុងបម្រើអតិថិជនជាង ១៥០ លាននាក់ នៅក្នុង ១១ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស និងកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការ ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ឲ្យទៅជា សម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ដោយផ្អែកលើសសរស្តម្ភសំខាន់ចំនួន ៣ គឺ ទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ។
ភាពជាដៃគូក្នុងការវិវត្តទៅមុខ
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ តំណាងក្រុមហ៊ុន Axiata Group ក៏បានចូលជួបសម្តែង ការគួរសមជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមាន ការចូលរួមពីលោក Ziad Shatara នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata និងលោក Feiruz Ikhwan ដែលជា ទីប្រឹក្សាប្រចាំក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិស្តីទី ។ កិច្ចប្រជុំដ៏សំខាន់មួួយនេះ បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Smart Axiata ក្នុងការពន្លឿន ការលូតលាស់នៃបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង សម្រាប់សង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
កិច្ចប្រជុំមួយនេះ ក៏បានលើកឡើងអំពីការពង្រឹងបន្ថែម និងពង្រីកទំនាក់ទំនងរវាងក្រុមហ៊ុន Axiata Group និងដៃគូរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតសម្រាប់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និង ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការត្រៀមលក្ខណៈសម្រាប់អនុវតបច្ចេកវិទ្យាអ៉ីនធឺណេត 5G ដែលជាបច្ចេកវិទ្យា អ៉ីនធឺណិតល្បឿនលឿនកម្រិតជីហ្គាប៊ីតនៅក្នុងប្រទេសកម្ពុជាផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Axiata Group លោក Tan Sri Shahril Ridza Ridzuan បានសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Smart Axiata និងដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក Tan Sri Shahril Ridza បានមានប្រសាសន៍ថា«ក្រុមហ៊ុន Axiata Group តែងតែមានប្រកាន់ខ្ជាប់នូវ បេសកកម្មរបស់យើងក្នុងការជំរុញការអភិវឌ្ឍនៅអាស៊ី (Advancing Asia) ហើយតាមរយៈការសហការជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង យើងនៅតែបន្តផ្តោតសំខាន់ទៅលើការអភិវឌ្ឍរីកចម្រើនប្រកបដោយបរិយាប័ន្ន តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថល។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្កើតផលប្រយោជន៍សម្រាប់សហគមន៍ដែលប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ី យើងបានស្ថាបនានូវក្រុមហ៊ុនមួយ ដែលតែងតែមានការយកចិត្តទុកដាក់ចំពោះមនុស្សទូទាំងសហគមន៍ដែល ជាអតិថិជនរបស់យើង ហើយនិងការចូលរួមចំណែកកសាងប្រទេសជាតិ ដែលយើងតែងតែមានមោទនភាព ជានិច្ច។»
លោកក៏បានបន្ថែមទៀតថា «ហេតុដូច្នេះហើយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទំនាក់ទំនង ដ៏ជិតស្និតយ៉ាងរឹងមាំ ជាមួយក្រសួងដៃគូ និងភាគីពាក់ព័ន្ធនានា ជាពិសេសជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រីកនូវគុណប្រយោជន៍ឲ្យកាន់តែទូលំទូលាយដល់សង្គមកម្ពុជា»។
ការបង្កើតអនាគតមួយដែលប្រកបដោយនិរន្តរភាព
ដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុន Axiata Group ក៏រួមមានការជួបផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាន់ខ្ពស់របស់ក្រុមហ៊ុន Smart Axiata ផងដែរ។
លោក Ziad Shatara បានបង្ហាញពីភាពរីករាយក្នុងឱកាសជួបជុំគ្នាមួយនេះផងដែរ «ក្រុមហ៊ុន Smart តែងតែធ្វើការដោយមិនខ្លាចភាពនឿយហត់ ដើម្បីបង្កើតតម្លៃក្នុងបេសកកម្មរបស់យើង ឆ្ពោះទៅរកអនាគត មួយដែលប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា។ និរន្តរភាពតែងតែជាបេះដូងនៃអាជីវកម្មរបស់យើងជានិច្ច ហើយជាមួយនឹងចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួនជាជើងឯកឌីជីថលនៅកម្ពុជា យើងតែងតែស្វែងរកឱកាស ដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែមជូនដល់អតិថិជនជាទីស្រឡាញ់របស់យើង»។
លោកក៏បានបន្ថែមទៀតថា «តាមរយៈការគាំទ្រពីសម្ព័ន្ធក្រុមហ៊ុន Axiata Group រួមជាមួយនឹងកិច្ចសហការដ៏រឹងមាំជាមួយក្រសួងនានា និងដៃគូពាក់ព័ន្ធផ្សេងៗ ហើយនិងក្រុមការងារដែលមានដំណើរការខ្ពស់ប្រកបដោយភាពស្វាហាប់ ខ្ញុំពិតជា មានទំនុកចិត្តថា យើងអាចដឹកនាំក្រុមហ៊ុន Smart Axiata ឲ្យឆ្ពោះទៅកាន់ជោគជ័យមួយកម្រិតទៀត នៅក្នុងដំណើរបេសកកម្មពី «ល្អទៅអស្ចារ្យ»របស់យើង»។
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិន ធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង 25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើក ដំបូង មិន ធ្លាប់ មាន នៅ ក្នុង ប្រទេស កម្ពុជា កាល ពី ឆ្នាំ ២០១៩។
នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកនូវហិរញ្ញវត្ថុសាធារណៈ ជាទឹកប្រាក់សរុបជាង ៦៦០លានដុល្លាអាមេរិកដែលបូកបញ្ចូលទាំងការរួមចំណែកប្រចាំឆ្នាំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា ដើម្បីកែលម្អការរួមបញ្ចូលឌីជីថល តាមរយៈមូលនិធិកាតព្វកិច្ចសេវាសកល (Universal Service Obligatory Fund) និងមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍ (Capacity Building, Research, and Development Fund) ក្រោមការគ្រប់គ្រងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអនុវត្តកម្មវិធី ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលសម្រាប់យុវជនកម្ពុជា។