ក្រុមហ៊ុនជប៉ុន ដែលមានអាយុកាលលើស១០០ឆ្នាំ សរុបចំនួន៧៤ក្រុមហ៊ុន ត្រូវបានប្រកាសក្ស័យធនដោយតុលាការក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០០ មក ហើយតួលេខនេះអាចនឹងកើនឡើងលើស១២០ក្រុមហ៊ុន នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដូចដែលធ្លាប់ជួបក្នុងឆ្នាំ២០០៨ អំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោក។
ទិន្នន័យបង្ហាញថា បញ្ហាធ្វើឱ្យក្រុមហ៊ុនចំនួន១៤ក្ស័យធនក្នុងចំណោមនោះ គឺបណ្ដាលមកពីការកើនឡើងថ្លៃដើមនៃការធ្វើអាជីវកម្ម ខណៈដែល១១ក្រុមហ៊ុនទៀតនិយាយថា ពួកគេគ្មានអ្នកស្នងគ្រប់គ្រងបន្តពីម្ចាស់ដែលមានវ័យចាស់ជរា។ សហគ្រាសផលិត និងអាជីវកម្មលក់រាយគ្របដណ្ដប់ប្រមាណ៣០% នៃចំនួនអាជីវកម្មដែលបានក្ស័យធន ហើយសហគ្រាសផលិតដែលមានវ័យចំណាស់រាប់រយឆ្នាំ កំពុងខ្វះលទ្ធភាពចំណាយលើការប្ដូរ ឬធ្វើទំនើបកម្មឧបករណ៍ថ្មីៗ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ តេកូគូ ដាតាប៊ែង (Teikoku Databank) បានឱ្យដឹងថា ប្រទេសជប៉ុន មានក្រុមហ៊ុនដែលមានអាយុកាលលើស១០០ឆ្នាំរហូតដល់ទៅ៤៣.៦៣១ក្រុមហ៊ុន គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងមួយឆ្នាំៗមានប្រមាណ២.០០០ក្រុមហ៊ុនចូលរួមក្លឹបក្រុមហ៊ុន ដែលមានវ័យចំណាស់លើស១០០ឆ្នាំ៕
ដោយ: តែម សុខុម