
សេចក្ដីរាយការណ៍ខ្លះ ឲ្យដឹងថា ឥឡូវនេះ នៅតាមច្រកព្រំដែនអន្តរជាតិនានា អាជ្ញាធរថៃស្នើឲ្យទេសចរបរទេសដែលកាន់ទិដ្ឋាការទេសចរណ៍ ត្រូវបង្ហាញប្រាក់សុទ្ធយ៉ាងហោច ២ម៉ឺនបាត (ស្មើនឹងប្រហែល ៧៥០ដុល្លារ) នៅក្នុងដៃ ទើបអាជ្ញាធរអនុញ្ញាតឲ្យចូលស្រុកថៃ។
វិធានការនេះ ត្រូវបានគេរាយការណ៍ថា ជាការទប់ស្កាត់ករណីជនបរទេសដើរសុំលុយ ឬលក់ដូររបស់របរតាមផ្លូវដើម្បីបានសោហ៊ុយធ្វើដំណើរទៅស្រុកដើមវិញ។
សារព័ត៌មាន New York Post ចុះផ្សាយអត្ថបទលម្អិតមួយស្ដីពីបញ្ហាទេសចរបរទេសដើរសុំលុយគេដោយឥតខ្មាស់អៀននៅទីក្រុងបាងកក ដោយដាក់ចំណងជើងថា «ថៃធុញទ្រាន់នឹងទេសចរបរទេសដើរសុំលុយធ្វើសោហ៊ុយត្រលប់ទៅស្រុកវិញ»។
មកទល់ពេលនេះ មិនមានតួលេខផ្លូវការច្បាស់លាស់ណាមួយអំពីចំនួនទេសចរបរទេសដាច់យ៉ៃទាំងនេះទេ ប៉ុន្តែ នៅលើបណ្ដាញព័ត៌មាន Twitter គេឃើញមានការចុះផ្សាយអត្ថបទខ្លីៗ អមដោយរូបភាពបង្ហាញពីជនបរទេសដាច់យ៉ៃដើរសុំលុយនៅតាមផ្លូវនៅកណ្ដាលក្រុងបាងកក ជាច្រើនករណី៕