សំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមលក់នៅថ្ងៃទី០៤ខែកុម្ភៈមិនត្រូវបានគេលក់ទៅឱ្យប្រជាជនក្នុងស្រុកនោះទេ ទន្ទឹមនឹងនេះ គេក៏ធ្លាប់បានអះអាងរួចមកហើយកាលពីខែកញ្ញាឆ្នាំមុនថា នឹងមិនមានឡើយ អ្នកទស្សនាមកពីបរទេសនៅក្នុងការប្រកួត ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរចិនដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ កំពុងចែកចាយសំបុត្រដោយផ្ទាល់តែម្តងទៅឲ្យក្រុមគោលដៅមួយចំនួន ដើម្បីចូលរួមទស្សនា។ អ្នកដែលទទួលបានសំបុត្រនឹង តម្រូវឱ្យអនុវត្តវិធានការការពារ កូវីដ១៩ដ៏តឹងរ៉ឹងមុនពេល អំឡុងពេល និងក្រោយពេលចូលរួមព្រឹត្តិការណ៍អូឡាំពិក។
លោក Christophe Dubi នាយកប្រតិបត្តិគណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ IOC បាននិយាយថា «បើនិយាយពីចំនួនមនុស្សឲ្យចូលរួមទស្សនា យើងមិនទាន់ច្បាស់នៅឡើយទេ ព្រោះថាវាត្រូវការកែសម្រួលទៅតាមទីតាំងជាក់ស្តែង ទីតាំងប្រកួតទាំងអស់មានទំហំផ្ទុកមិនដូចគ្នាឡើយ។ ប៉ុន្តែយើងជឿថា អ្នកចូលរួមទស្សនាអាចមានយ៉ាងហោចណាស់ក៏ជាង៣០%នៃទំហំទីតាំងសរុបដែរ។ ម្យ៉ាងវិញទៀត វាក៏អាស្រ័យថាតើ ការប្រកួតនីមួយៗធ្វើឡើងនៅផ្នែកខាងក្នុងសាល ឬខាងក្រៅសាលផងដែរ។
ទោះបីអ្នកគាំទ្រពីក្រៅប្រទេសមិនអាចធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីគាំទ្របានក៏ពិតមែនប៉ុន្តែ ជនបរទេសមួយចំនួន ដែលរស់នៅក្នុងប្រទេសចិនស្រាប់ នៅតែទទួលបានឱកាសដើម្បីគាំទ្រដល់អត្តពលិករបស់ពួកគេ។
គួររំឭកថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូដែលបានធ្វើឡើងកាលពីឆ្នាំមុនបន្ទាប់ពីការពន្យារពេលរយៈពេលអស់១២ខែបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅជប៉ុន មិនបានអនុញ្ញាតអ្នកគាំទ្រចូលទៅទស្សននានៅក្នុងកន្លែងប្រកួតដោយផ្ទាល់នោះឡើយ។
យ៉ាងណាមិញ ប្រទេសចិនដែលបានគ្រប់គ្រងយ៉ាងពេញដៃ ក្នុងការទប់ស្កាត់ការចម្លងកូវីដ១៩ ក្នុងស្រុក កំពុងព្យាយាមទប់ស្កាត់ការរីករាលដាលមេរោគបំប្លែងខ្លួន អូមីក្រុងដែលមានកម្រិតឆ្លងខ្លាំង ស្របពេលកំពុងមានការធ្វើដំណើរដ៏មមាញឹកពីប្រជាជនចិនអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។
យ៉ាងណាមិញ អាជ្ញាធរចិនបានរាយការណ៍ជាបន្តបន្ទាប់ថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីៗនៅលើអ្នកដែលធ្វើដំណើរពីបរទេស និងជាអ្នកដែលត្រូវជាប់ពាក់ព័ន្ធ ឬត្រូវចូលរួមប្រកួតកីឡាអូឡាំពិកផងដែរ ខណៈការប្រកួតនឹងចូលមកដល់ក្នុងពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕