IMFព្យាករទម្លាក់កំណើនសេដ្ឋកិច្ច

IMFព្យាករទម្លាក់កំណើនសេដ្ឋកិច្ច ចិន អាមេរិក និងពិភពលោកព្រមៗគ្នាសម្រាប់ឆ្នាំ២០២១


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករជាថ្មីចុងក្រោយដោយព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២ ក្នុងពិភពលោក សម្រាប់ឆ្នាំ២០២១ព្រមៗគ្នាតែម្តង ដោយបានទម្លាក់កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកអស់ ១% ពីកំណើន៧% មកនៅត្រឹម៦% វិញ ខណៈដែល កំណើនសេដ្ឋកិច្ចចិនវិញ ត្រូវបាន IMF ព្យាករទម្លាក់ទាបជាងអាមេរិកដែលមានចំនួនតែ ០,១%ប៉ុណ្ណោះ ពោលគឺពីកំណើន ៨,១% ដែលបានព្យាករកាលពីខែកក្កដា មកនៅត្រឹម ៨%។
IMFព្យាករទម្លាក់កំណើនសេដ្ឋកិច្ច ចិន អាមេរិក និងពិភពលោកព្រមៗគ្នាសម្រាប់ឆ្នាំ២០២១
ដោយ

ជាមួយ​គ្នា​នេះ IMF ក៏​បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ​២០២១​នេះ ចំនួន ០,១%​ផង​ដែរ ។

នៅ​ក្នុង​របាយការណ៍​ទស្សនៈ​វិស័យសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២១​ថ្មី​មួយ​ចុង​ក្រោយ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​សកល​ពី ៦%​ដែល​បាន​ព្យាករ​កាលពី​ខែកក្កដា មក​នៅ​ត្រឹម ៥,៩% ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សកល​សម្រាប់​ឆ្នាំ​២០២២ ក្នុង​កំណើន ៤,៩%​ដដែល​។

ក្នុង​របាយការណ៍ IMF បាន​ពន្យល់​ថា ទោះបី​សេដ្ឋកិច្ច​សកល​ត្រូវ​បាន​ព្យាករ​ទម្លាក់​តិចតួច​ក្នុង​កម្រិត ០,១%​ក្តី ប៉ុន្តែ​សម្រាប់​ប្រទេស​មួយ​ចំនួន អត្រា​នេះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​។ IMF បន្ថែម​ថា ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ កាន់តែ​អាក្រក់​ទៅ​ៗ បាន​ធ្វើ​ឱ្យ​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​មាន​ប្រាក់​ចំណូល​ទាប បាន​ខិត​ទៅ​រក​ភាព​លេចលង់ ខណៈ​ប្រទេស​អ្នកមាន​កំពុង​ជួប​ការ​លំបាក​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។

ក្នុង​ទស្សនៈ​វិស័យសេដ្ឋកិច្ច​ថ្មី របស់ IMF ប្រទេស​សេដ្ឋកិច្ច​លេខ​១ ពិភពលោក អា​មេ​រិ​ក ត្រូវ​បាន IMF ចាត់ទុកជា​អ្នក​រង​ផល​ប៉ះទង្គិច​ខ្លាំង​ជាងគេ ហើយ​ដែល​អាច​បង្ក​ហានិភ័យ​អូស​ទាញ​សេដ្ឋកិច្ច​សកល​ឲ្យ​ធ្លាក់​ចុះ​ថែម​ទៀត​។ 

ដោយ​បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​អស់​១% ពី ៧%​មក​នៅ​ត្រឹម ៦% IMF ព្រមាន​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​នឹង​បន្ត​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ​ទៀត ប្រសិនបើ រដ្ឋបាល​លោក​ចូ បៃ​ឌិន មិន​ព្រម​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​សង្គម​ដែល​មាន​តម្លៃ​ជាង ៤​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ​។

ដោយឡែក​សម្រាប់​ប្រទេស​ចិន ដែល​ជា​យក្ស​សេដ្ឋកិច្ច​ទី​២ របស់​ពិភពលោក​វិញ ត្រូវ​បាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​តែ ០,១% ពី ៨,១% មក​ត្រឹម​៨% សម្រាប់​ឆ្នាំ​២០២១ ដោយ​មើលឃើញ​ពី​ការ​ថយ​ចុះ នៃ​ការ​ចំណាយ​វិនិយោគសាធារណៈ​នៅ​ក្នុង​ប្រទេស​ចិន​។ 

សូម​ជម្រាប​ថា IMF បាន​ធ្វើការ​ព្រមាន​ពី​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​សកល ដោយ​អះអាង​ពី​គម្លាត​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដ៏​ធំ​សម្បើម រវាង​ប្រទេស​អ្នកមាន និង ប្រទេស​ក្រីក្រ​។ ជាក់ស្តែង ៩៦%​នៃ​ពលរដ្ឋ​ក្នុង​ប្រទេស​ក្រី​ក្រពុំ​ទាន់​បាន​ទទួល​វ៉ាក់សាំង​នៅឡើយ សូ​ម្បី​តែ​១​ដូ​ស ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ ប្រឈម​មុខ​នឹង​កំណើនសេដ្ឋកិច្ច​ទាប​អូស​បន្លាយ​កាន់តែ​យូរ ភាព​ក្រីក្រ និង​ភាព​គ្មាន​ការងារ​ធ្វើ​កើត​មាន​កាន់តែ​ច្រើន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងប៉េកាំង៖ ការធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ “គ្រាន់តែជាសកម្មភាពដើម្បីការពារសន្តិភាពនិងស្ថិរភាព»ប៉ុណ្ណោះ

ព័ត៌មាន
ភាពតានតឹងរវាងចិន ជាមួយនឹងកោះតៃវ៉ាន់ ឃើញថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិនដែលធ្វើនៅក្បែរក…

IMFបានអះអាងថា «ទោះបីនៅមានហានិភ័យ តែចិនអាចដោះស្រាយវិបត្តិរបស់ ក្រុមហ៊ុនEvergrandeបាន ប្រសិនបើគេចង់»

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាយោបល់នៅក្នុងរបាយការណ៍របស់ខ្លួនថ្មីមួយ ដែលបានចេញផ្សាយនៅថ្ងៃទី១៣តុលា ថាប្រទេសចិនមានសមត្ថភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ