បេឡារុស្ស

ប្រធានាធិបតីបេឡារុស្សថា លោកមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស


ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រណាមួយ ដែលរុស្ស៊ីកំពុងដំឡើងនៅលើទឹកដីរបស់គាត់។ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីខែមុនថា ខ្លួនមិនទាន់រកឃើញភស្តុតាងជាក់ស្ដែងដែលបញ្ជាក់ច្បាស់លាស់អំពីវត្តមាននៃទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្សីនៅលើទឹកដីនៃប្រទេសបេឡារុស្សទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។
ប្រធានាធិបតីនិយាយថា បេឡារុស្សមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រណាមួយ ដែលរុស្ស៊ីកំពុងដំឡើងនៅលើទឹកដីរបស់គាត់។ លោកបានបញ្ជាក់ប្រាប់ថា ក្រុមចារកម្មរបស់លោកខាងលិចមិនបានឃើញការដឹកក្បាលគ្រាប់មក ព្រោះវាមិនមែនដឹកមកតាមផ្លូវគោកទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលជាអ្នកគ្រប់គ្រងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសផែនការកាលពីខែមីនា ទាក់ទងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ ផែនការនេះជាការផ្លាស់ប្តូរលើកដំបូងរបស់ទីក្រុងម៉ូស្គូចំពោះក្បាលគ្រាប់នុយក្លេអ៊ែរនៅក្រៅប្រទេសរុស្ស៊ី បើគិតចាប់តាំងពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១មក។

លោក ពូទីន បាននិយាយថា ការដាក់ពង្រាយអាវុធនេះ មិនបំពានលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ ១៩៦៨ ទេ ព្រោះអាវុធនឹងត្រូវគ្រប់គ្រងដោយរុស្ស៊ី ដូចសព្វាវុធនុយក្លេអ៊ែររបស់អាមេរិកនៅអឺរ៉ុប ដែលត្រូវបានគ្រប់គ្រងជាផ្លូវការដោយសហរដ្ឋអាមេរិកដែរ។

ប៉ុន្តែលោក Lukashenko ដែលបានច្រានចោលការលើកឡើងដែលថាគាត់ជាមេដឹកនាំផ្តាច់ការចុងក្រោយរបស់អឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានម្តងហើយម្តងទៀតថា គាត់នឹងមានសិទ្ធិវេតូក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរខ្នាតតូចរបស់រុស្ស៊ី នៅក្នុងប្រទេសរបស់លោក ហើយលោកពូទីនមានអំណាចធ្វើការសម្រេចចិត្តចុងក្រោយបំផុត។

សូមរំលេចថា សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីខែមុនថា ខ្លួនមិនទាន់រកឃើញភស្តុតាងជាក់ស្ដែងដែលបញ្ជាក់ច្បាស់លាស់អំពីវត្តមាននៃទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្សីនៅលើទឹកដីនៃប្រទេសបេឡារុស្សទេ។

អ្នកស្រាវជ្រាវនុយក្លេអ៊ែរកំពូលរបស់សហព័ន្ធនេះ គឺលោក Hans Kristensen បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិក បានឃើញមានទស្សនកិច្ចនៅដើមឆ្នាំនេះដោយមន្ត្រីជាន់ខ្ពស់រុស្ស៊ីទៅកាន់កន្លែងមួយនៅក្រុង Osipovichi សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយផ្ទុកអាវុធនុយក្លេអ៊ែរ។

លោក Lukashenko បាននិយាយថា "ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានដឹកទៅកាន់ទឹកដីនៃប្រទេសបេឡារុស្សហើយ" ។ លោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានកណ្តាលទី១២ របស់ក្រសួងការពារជាតិរុស្ស៊ីមិនត្រូវបានដឹកជញ្ជូនតាមផ្លូវគោកទេ។

លោកប្រធានាធិបតីបេឡារុស្សបានបញ្ញាក់ថា “ខ្ញុំនឹងប្រាប់អ្នកពីការពិតមួយ៖ យើងមិនបានដឹកក្បាលគ្រាប់នុយក្លេអ៊ែរតាមផ្លូវដីនោះទេ”។ លោកបានបន្ថែមថា ការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរបានបាត់ពីភ្នែករបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA, សេវាស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស, និងទីភ្នាក់ងារស៊ើបការណ៍អាល្លឺម៉ង់៕




អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្មជំរុញឱ្យអាជីវកម្មក្នុងស្រុកពង្រឹងសមត្ថភាពផលិតបន្ថែម ដើម្បីបង្កើនការប្រកួតប្រជែង

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា បង្កើនការអភិវឌ្ឍខ្លួន និងសមត្ថភាពបន្ថែម ដើម្បីប្រែក្លាយជាអា…

ក្រសួងហិរញ្ញវត្ថុអាមេរិកបានព្រមានធនាគារហុងកុង ចំពោះការនាំចេញបច្ចេកវិទ្យាទៅរុស្ស៊ី

មន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អាមេរិកបានព្រមានធនាគារមួយចំនួននៅទីក្រុងហុងកុងជុំវិញការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសរុស្ស៊ី។ ចំណាត់ការនេះបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ