ថ្លែងក្នុងសេចក្តីថ្លែងការណ៍ អង្គការទាំងពីរនេះបាននិយាយថា ខ្លួននឹងផ្អាកដំណើរការមួយចំនួន ដូចជា ការកសាងសាលារៀននិងការផ្គត់ផ្គង់គ្រូភាសាអង់គ្លេសចាប់ពីថ្ងៃចន្ទនេះតទៅ បន្ទាប់ពីខាងពន្ធដារបានបង្កកគណនីធនាគាររបស់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញា ដោយគ្មានការពន្យល់ជាមុន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការផ្អាកប្រតិបត្តិការនេះនឹងប៉ះពាល់ដល់កម្មវិធីបង្រៀនភាសាអង់គ្លេសនិងថ្នាក់កុំព្យូទ័រសម្រាប់កូនសិស្សរាប់ពាន់នាក់។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អង្គការទាំងពីរនេះបានអះអាងថា «ជាមួយនឹងលុយដែលនៅក្នុងដៃ យើងអាចគាំទ្រតែប្រតិបត្តិការសំខាន់ៗដែលមើលថែកូនក្មេងក្នុងមណ្ឌលចំនួន៤០នាក់។ យើងមានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មណ្ឌលនេះតែមួយខែប៉ុណ្ណោះ»។
ការផ្អាកនេះនឹងប៉ះពាល់ដល់បុគ្គលិក១០០នាក់ក្នុងចំណោមបុគ្គលិកសរុបទាំងអស់ចំនួន១២០នាក់។
អង្គការទាំងពីរនេះធ្លាប់មានការិយាល័យនៅជាមួយកាសែត ខេមបូឌា ដេលី មុនពេលបិទ បន្ទាប់ពីមិនបានបង់ពន្ធសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយ ដែលមានជាង៦លានដុល្លារ។
ទូរស័ព្ទទៅលោកអគ្គនាយកពន្ធដារ គង់ វិបុល មិនមានការឆ្លើយតបទេ។
កាសែត ខេមបូឌា ដេលី ជាសារព័ត៌មានភាសាអង់គ្លេសប្រចាំថ្ងៃចាស់ជាងគេនៅកម្ពុជា។ ស្ថាបនិកកាសែតនេះ លោក បឺណាឌ គ្រីស័រ ដែលមានអាយុ៨៦ឆ្នាំទៅហើយ បានសរសេរលិខិតមួយទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកនឹងធ្វើដំណើរពីជប៉ុនមកកម្ពុជាដើម្បីទទួលខុសត្រូវទាំងស្រុង លើករណីពន្ធដារ។ លោកថា កូនស្រីរបស់លោកដែលជាចាងហ្វាងរងទើបតែទទួលការងារចាប់ពីត្រឹមខែមេសា ឆ្នាំ២០១៧នេះមកទេ។
ការបិទកាសែត ខេមបូឌា ដេលី បន្ទាប់ពីប្រតិបត្តិការជាង២៤ឆ្នាំនោះ បានបង្កឲ្យមានការរិះគន់ សោកស្តាយ អាណិតអាសូរ និងការអបអរខ្លះពីមនុស្សមួយចំនួនផងដែរ៕