ការផលិតអាគុយយានយន្ដអគ្គិសនីអាមេរិក

រដ្ឋបាលលោកចូ បៃឌិន ផ្តល់មូលនិធិជិត ៣ពាន់លានដុល្លារ ជំរុញការផលិតអាគុយយានយន្ដអគ្គិសនីក្នុងស្រុក ដើម្បីឈប់ពឹងដង្ហើមពីចិន


រដ្ឋបាល លោក ចូ បៃឌិន នឹងផ្តល់ថវិកាប្រមាណ ២ពាន់៨រយលានដុល្លារ ដើម្បីជំរុញការផលិតអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនី និងការផលិតរ៉ែក្នុងស្រុក ដើម្បីបញ្ចៀសការពឹងដង្ហើមរបស់ចិន ពោលគឺព្យាយាមកាត់បន្ថយ និងបញ្ឈប់ការពឹងផ្អែកលើការប្រើអាគុយ និងគ្រឿងបង្គុំរបស់ក្រុមហ៊ុនចិន ហើយក៏ដើម្បីបង្កើនសន្ទុះនៃការផលិតរថយន្តដែលមិនបញ្ចេញផ្សែងពុលនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិក ផ្តល់មូលនិធិជិត ៣ពាន់លានដុល្លារ ជំរុញការផលិតអាគុយសម្រាប់ EV លែងពឹងផ្អែកចិន

ការបញ្ចេញប្រាក់មូលនិធិ​នេះ ជាវិធានការថ្មីមួយទៀតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បន្ទាប់ពីខ្លួនបានដាក់កំហិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ។

ជុំវិញការផ្តល់ថវិកាសម្រាប់ជំរុញការផលិតអាគុយរថយន្តអគ្គិសនីនេះ ត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែតុលាថា វាដល់ពេលហើយដែលអាមេរិកត្រូវយកអ្វីដែលជារបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីបានបាត់បង់ទីផ្សារនេះទៅប្រទេសចិន ដែលបានធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នា។

ចំពោះក្រុមហ៊ុនដែលទទួលបានមូលនិធិនេះ គឺត្រូវជ្រើសរើសដោយគណៈកម្មការដែកថែបរបស់សេតវិមាន និងមានការជួយសម្រួលពីក្រសួងថាមពលជាមួយនឹងការគាំទ្រពីក្រសួងមហាផ្ទៃ។ មូលនិធិនេះ នឹងផ្តល់សម្រាប់គម្រោងនៅរដ្ឋយ៉ាងហោចណាស់ចំនួន១២ ដែលជាវិធានការថ្មីមួយរបស់រដ្ឋបាលលោក ចូ បៃឌិន ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងប្រទេសផ្សេងៗ សម្រាប់ការផលិតយានយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន។

មូលនិធិនេះ នឹងផ្តល់ជាចំណែកៗដល់ក្រុមហ៊ុនចំនួន២០ ដើម្បីសាងសង់រោងចក្រផលិតលីចូម នីកែល កាតូត ក្រាហ្វីត រ៉ែ និងគ្រឿងបង្គុំអាគុយនានា ព្រមទាំងរោងចក្រកែច្នៃអាគុយឡើងវិញផងដែរ។

សូមជម្រាបថា លោក ចូ បៃឌិន ចង់ឱ្យរថយន្តថ្មីៗទាំងអស់ដែលលក់នៅសហរដ្ឋអាមេរិកត្រឹមឆ្នាំ២០៣០ ប្រមាណ ៥០% ត្រូវតែជារថយន្តអគ្គិសនី ឬជាប្រភេទ Plug-in Hybrid ដែលមានស្ថានីយសាកភ្លើង ៥០ម៉ឺនកន្លែង។

រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក លោកស្រី Jennifer Granholm បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតអាគុយ និងគ្រឿងបង្គុំនៅក្នុងស្រុក នឹងជំរុញសន្ទុះការងាកចេញពីយានយន្តប្រើចំហេះឥន្ធនៈ មកការប្រើប្រាស់យានយន្តអគ្គិសនីវិញ ហើយបង្កើតការងារបានកាន់តែច្រើន។

សម្រាប់គម្រោងនេះ នឹងគាំទ្រដល់ការអភិវឌ្ឍលីចូមឱ្យបានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីប្រហែល ២លានគ្រឿងក្នុងមួយឆ្នាំ ក៏ដូចជាក្រាហ្វីតសម្រាប់រថយន្ត ១លាន២សែនគ្រឿង ព្រមទាំងនីកែលសម្រាប់រថយន្ត ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមប្រភពក្រសួងថាមពលអាមេរិក៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


លោកពូទីនចង់ឱ្យប្រទេសតួកគីធ្វើជាឈ្មួញកណ្តាលចែកចាយឧស្ម័នទៅកាន់តំបន់អឺរ៉ុប

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានស្នើផ្តល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិថ្មីៗសម្រាប់ប្រទេសតួកគី ដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលកណ្ត…

បុរសខ្លាំងពូទីនប្រាប់ឲ្យកងទ័ពខំធ្វើសង្គ្រាមបន្ថែមទៀត ខណៈលោកប្រកាសចេញច្បាប់អាជ្ញាសឹកនៅក្នុងដែនដីបញ្ចូលថ្មី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ទី១៩ តុលា ថា លោកកំពុងដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ