លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានអំពីការហៅទូរស័ព្ទរបស់លោកកាលពីថ្ងៃសុក្រសប្ដាហ៍មុនជាមួយលោក ស៊ី ជីនពីងថា លោកមិនបានធ្វើការគំរាមកំហែងអ្វីទេ ប៉ុន្តែលោកបៃដិនបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកស៊ី ជីនពីង ត្រូវប្រាកដថា ទីក្រុងប៉េកាំងដឹងពីផលវិបាករបស់ខ្លួនដែលនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានតែជួយរុស្ស៊ី។
ក្នុងនោះ ប្រធានាធិបតីអាមេរិក បានចង្អុលបង្ហាញពីចំនួនសាជីវកម្មអាមេរិក និងបរទេស ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដែលជាការឆ្លើយតបចំពោះទង្វើឈ្លានពានរបស់លោកពូទីន ទៅលើអ៊ុយក្រែន។
រដ្ឋបាលលោក ចូ បៃដិន បាននិងកំពុងដាក់សម្ពាធដល់ប្រទេសចិនឱ្យបដិសេធមិនគាំទ្ររុស្ស៊ី រួមទាំងមិនត្រូវជួយរុស្ស៊ីប្រឆាំងឆ្លើយតបនឹងទណ្ឌកម្មរបស់លោកខាងលិច និងការផ្តល់ជំនួយផ្នែកយោធាឡើយនោះឡើយ។ គួរជ្រាបថា ប្រទេសចិនមិនបានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ទោះបីជា ខ្លួនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាម ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី ដែលវាចាត់ទុកថា ជាការប្រឆាំងផលិតភាព និងឯកតោភាគីក៏ដោយ។
យ៉ាងណាមិញ ការលើកឡើងរបស់លោក ចូ បៃឌិន បានចង្អុលបញ្ជាក់ទៅលើការពឹងផ្អែកគ្នាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។ នេះគឺជាឥទ្ធិពលដែលទីក្រុងវ៉ាស៊ីនតោនចង់ប្រើ ដើម្បីរុញប្រទេសចិនឱ្យឆ្ងាយពីប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសទាំងពីរបានលើកឡើងពីភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់កាលពីខែកុម្ភៈ៕
អត្ថបទ ស៊ើង និមល់