ហានិភ័យមួយដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងចេញមុខមកធ្វើការព្រមាននោះមានដូចជា លទ្ធភាពរបស់រដ្ឋាភិបាលចិនក្នុងការប្រមូលយកទិន្នន័យរបស់ក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនអាមេរិកណាដែលរក្សាទុកទិន្នន័យទាំងនោះនៅហុងកុង។
ចំណែកឯ សារព័ត៌មានដ៏ធំរបស់អាមេរិក Financial Times ក៏បានចុះផ្សាយស្រដៀងគ្នាដែរថា ការព្រមាននេះ នឹងត្រូវធ្វើឡើងក្នុងទម្រង់ជាការផ្តល់យោបល់ និង ដាស់តឿនដល់ក្រុមហ៊ុនអាមេរិកដែលកំពុងមានប្រតិបត្តិការនៅហុងកុង។
គួរកត់សម្គាល់ថា ការបង្ហើបឲ្យដឹងពីប្រភពសេតវិមានអាមេរិកជុំវិញការព្រមានលើបញ្ហាហុងកុងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមដាក់សម្ពាធបន្ថែមទៀតលើរបបក្រុងប៉េកាំង ស្របពេលដែលសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងជាពិសេសសង្គ្រាមពាក្យសម្តីរបស់មហាយក្សទាំងពីរកំពុងបន្តឆេះឆួលឡើងកាន់តែខ្លាំង។
បញ្ហាក្រុងហុងកុង ក៏ជាប្រធានបទក្តៅមួយផងដែរ សម្រាប់រដ្ឋបាលលោកចូបៃឌិន ដែលតែងតែលើកយកមកដាក់សម្ពាធលើក្រុងប៉េកាំងស្ដីពីបញ្ហាសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាដើម ជាពិសេសបន្ទាប់ពីចិនបានបង្កើតឡើងនូវច្បាប់សន្តិសុខជាតិហុងកុងកាលពីឆ្នាំ២០២០ ដែលផ្តល់សិទ្ធិកាន់តែច្រើនឲ្យក្រុងប៉េកាំង លូកដៃកាន់តែជ្រៅក្នុងការគ្រប់គ្រងតំបន់ស្វយ័តពិសេសហុងកុងមួយនេះ។
កន្លងមកជារឿយៗ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានអាមេរិក តែងតែបានក្រើនរំឭកដល់ក្រុមហ៊ុនអាមេរិកទាំងឡាយ អំពីផលលំបាកនៃការធ្វើប្រតិបត្តិការរបស់ខ្លួនក្រោមច្បាប់សន្តិសុខជាតិហុងកុងមួយនេះ។ អ្នកជំនាញក៏បានព្រមានដែរថា អាមេរិកអាចនឹងអនុវត្តតាមការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំមុនក្នុងការកាត់ផ្តាច់សិទ្ធិពិសេសក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។
បើមានការដកសិទ្ធិពិសេសក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកនេះម្តងទៀតមែន វាអាចបង្កជាក្តីអន្តរាយដល់ការធ្វើពាណិជ្ជកម្មក្នុងតម្លៃរាប់ពាន់លានដុល្លាររវាងហុងកុង និងសហរដ្ឋអាមេរិក។ មួយវិញទៀត ប្រជាជនហុងកុងក៏អាចនឹងត្រូវលែងផ្តល់សិទ្ធិពិសេសជាងប្រជាជនចិនដីគោកដែរ ក្នុងការចូលទៅវិនិយោគក្នុងទឹកដីអាមេរិកក្នុងពេលអនាគត។
គួរជម្រាបថា កាលពីពេលថ្មីនេះ សារព័ត៌មានអន្តរជាតិធំៗជាច្រើន បានចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ហ្គូហ្គល (Google) ហ្វេសប៊ុក (Facebook) និង ធ្វីតធឺ (Twitter) ជាដើម អាចនឹងបញ្ឈប់ប្រតិបត្តិការ ព្រមទាំងឈប់ផ្តល់សេវាកម្មរបស់ពួកគេនៅក្នុងក្រុងហុងកុងតទៅទៀត ក្រោយរដ្ឋាភិបាលចិន មានបំណងចង់បន្តផ្លាស់ប្តូរច្បាប់ទាក់ទងនឹងឯកជនភាពសម្រាប់ក្រុងហុងកុងមួយបន្ថែមទៀត ពីលើច្បាប់ជាច្រើនដែលក្រុងប៉េកាំងបាននិងកំពុងកែប្រែ៕