អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាឆារ៉ុនកេ (Chai Wacharonke) បានទម្លាយឱ្យដឹងថា លោក ម៉ាជីដ ប៊ិន អាប់ឌុលឡា អាល់ កាសាប៊ី (Majid bin Abdullah Al Qasabi) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងដឹកនាំតំណាងមកពីជាង១០០ក្រុមហ៊ុន ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសនេះ។
អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា តំណាងក្រុមហ៊ុនទាំងនេះនឹងចូលរួមក្នុងកិច្ចពិភាក្សាផ្គូរផ្គងអាជីវកម្ម ដើម្បីបង្កើតបណ្ដាញសម្រាប់ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ភុំថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) បានពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំប្រទេសថៃ លោក អាប់ឌុលរ៉ាម៉ាន់ អាប់ឌុលឡាហ្ស៊ីស អាល់ស៊ូហៃបានី (Abdulrahman Abdulaziz Alsuhaibani)។
ឱកាសកសាងបណ្ដាញពាណិជ្ជកម្មទាំងនេះ គឺជាផ្នែកមួយនៃលទ្ធផលដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែតុលា ឆ្នាំមុន ដែលនៅពេលនោះលោកបានជួបជជែកជាមួយក្រុមនាយកប្រតិបត្តិ នៃក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត ម្នាក់ម្ដងៗ។
អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញចំណាប់អារម្មណ៍ជួយគាំទ្រដល់គម្រោងដ៏មហិមា Land Bridge ដែលជាគម្រោងបណ្ដាញផ្លូវដឹកជញ្ជូនកាត់ឈូងសមុទ្រដ៏សំខាន់របស់រដ្ឋាភិបាលថៃ ផងដែរ៕
ដោយ: តែម សុខុម