សព្វថ្ងៃ ការិយាល័យរួម ឬ co-working space កើតឡើងរីកដុះដាលដូចផ្សិតនៅភ្នំពេញ។ ហើយឆាប់ៗនេះ co-working space ដ៏ធំបំផុតនិងដែលមានភាពច្នៃប្រឌិតបំផុត នឹងលេចចេញជារូបរាងមួយទៀតហើយ ដោយមានឈ្មោះថា Factory Phnom Penh។
អ្នកអភិវឌ្ឍដាក់ឈ្មោះថា Factory Phnom Penh ឬប្រែជាភាសាខ្មែរថា រោងចក្រភ្នំពេញ ដោយសារតែកាលពីមុន ទីនេះគឺជារោងចក្រកាត់ដេរដ៏ធំបំផុតមួយ ដែលសង់នៅលើផ្ទៃដីដល់ទៅ ៣ហិកតាកន្លះ។ ហើយឥឡូវនេះ ទីនេះ នឹងត្រូវប្រែក្លាយជាការិយាល័យធ្វើការរួម (co-working space) ដ៏ធំ ទំនើប និងមានភាពច្នៃប្រឌិតបំផុត។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអភិវឌ្ឍសំណង់លំនៅដ្ឋាន និងខុនដូ ឈ្មោះ Urban Living Solutions។
លោក Corbett Hix មកពីសហរដ្ឋអាមេរិក គឺជាអ្នកគ្រប់គ្រងទូទៅ នៃគម្រោងការិយាល័យធ្វើការរួម Factory Phnom Penh នេះ ដែលវិនិយោគដោយក្រុមហ៊ុន Urban Living Solutions។
លោក Corbett Hix ថ្លែងប្រាប់អ្នកសារព័ត៌មាន ខេមបូណូមីស ដូច្នេះថា ៖ «Factory Phnom Penh វាមិនមែនត្រឹមតែជាការិយាល័យរួមនោះទេ វាមានទំហំធំទូលាយ ជាកន្លែងដែលពោរពេញទៅដោយភាពច្នៃប្រឌិត។ ទីនេះ ជាកន្លែងដែលមនុស្សម្នាមក ដើម្បីបានជាគំនិតប្លែកៗ ជាកន្លែងដែលជំរុញផលិតភាពការងារ។ ពីមុន ទីនេះគឺជារោងចក្រកាត់ដេរ។ ឥឡូវនេះ យើងចង់ប្រែក្លាយវាទៅរោងចក្រគំនិត សម្រាប់អាជីវកម្ម សម្រាប់អ្នកច្នៃបង្កើតវ័យក្មេងៗ»។
Factory Phnom Penh គឺជាគម្រោង ៥ឆ្នាំ ដែលវិនិយោគនិងអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Living Solutions។ ម្ចាស់គម្រោងឲ្យដឹងថា ការិយាល័យធ្វើការរួម Factory Phnom Penh បង្កើតឡើងសម្រាប់ជាកន្លែងបណ្ដុះសហគ្រិនជំនាន់ថ្មី អ្នកច្នៃបង្កើតស្នាដៃថ្មីៗ និងអ្នកធ្វើការវ័យក្មេងៗ។
បើតាមលោក Corbett Hix នៅដើមឆ្នាំនេះ Factory Phnom Penh នឹងបើកសម្ពោធឲ្យអតិថិជនប្រើប្រាស់មួយដំណាក់កាលម្ដងៗ ដោយសារតែទីតាំងនេះមានទំហំធំ ដោយជា ជាជំហានដំបូង គឺនឹងដាក់ឲ្យប្រើប្រាស់ទីលំហធ្វើការរួម ការិយាល័យ ហាងកាហ្វេ ទីកន្លែងសម្រាប់ការផលិត និងអាហារដ្ឋាន។ ហើយការអភិវឌ្ឍនឹងបន្តជាជំហានៗទៅមុខទៀតឥតឈប់ឈរ។
មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៧០០ម៉ែត្រខាងត្បូងស្ពានអាកាសក្បាលថ្នល់ Factory Phnom Penh នឹងក្លាយជាមជ្ឈមណ្ឌលការិយាល័យធ្វើការរួម និងទីកន្លែងដែលពោរពេញដោយភាពច្នៃប្រឌិតធំបំផុត នៅក្នុងទីក្រុងភ្នំពេញ។
លោក Corbett និយាយថា គម្រោងនេះ គឺដើម្បីបម្រើដល់ប្រជាជនកម្ពុជា។ «អតិថិជនរបស់យើង គឺអ្នកមានជីវភាពមធ្យម ជាជំនាន់មនុស្សដែលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ជាសហគ្រិនវ័យក្មេង។ និយាយរួមទៅ ៧០% គឺសម្រាប់ខ្មែរ ហើយអាយុគោលដៅ គឺពី ២០ ដល់ ៣៥ឆ្នាំ។ នេះជាទីផ្សារស្នូលរបស់យើង»។
ដូច្នេះ ប្រសិនបើអ្នកធ្វើការតែម្នាក់ឯង ជាអ្នកទើបចាប់ផ្ដើមអាជីកម្ម ឬជាសហគ្រិន ដែលកំពុងរកមើលកន្លែងអង្គុយធ្វើការ អ្នកអាចទៅទស្សនកិច្ច Factory Phnom Penh ដើម្បីពិនិត្យមើល ក្រែងលោត្រូវនឹងអ្វីដែលអ្នកកំពុងស្វែងរក៕