ទំនាស់រវាងមហាសេដ្ឋី ជេក ម៉ា និង រដ្ឋាភិបាលចិន

ទំនាស់រវាងមហាសេដ្ឋី ជេក ម៉ា និង រដ្ឋាភិបាលចិន ធ្វើឲ្យខាតបង់ក្រុមហ៊ុន អាលីបាបា និងសម្ព័ន្ធក្រុមហ៊ុន អាន ជិត ១ទ្រីលានដុល្លារ


អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតលើក្រុមហ៊ុន Ant ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបង់ប្រាក់ពិន័យជិត ១ ពាន់លានដុល្លារ។ ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីលោក ជេក Ma បានរិះគន់បទប្បញ្ញត្តិរបស់ទីក្រុងប៉េកាំងទាក់ទងនឹងវិស័យហិរញ្ញវត្ថុឆ្នាំ ២០២០។ យោងតាមសារព័ត៌មាន The Strait Times និង Bloomberg ការខាតបង់របស់លោក Ma គឺមានទំហំធំធេងជាងប្រាក់ពិន័យនោះទៅទៀត។
អាជ្ញាធរចិនបានតម្រូវឱ្យក្រុមហ៊ុនរបស់មហាសេដ្ឋី ជេក ម៉ា បង់ប្រាក់ពិន័យជិត ១ ពាន់លានដុល្លារ

នៅពេលដែលជម្លោះរវាងមហាសេដ្ឋីចិន គឺលោក ជេក ម៉ា (Jack Ma) និងរដ្ឋាភិបាលចិន កាន់តែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីអូសបន្លាយអស់រយៈពេលជិត ៣ ឆ្នាំ, វាបង្ហាញកាន់តែច្បាស់ថា ជម្លោះនេះបានខាតបង់សម្ព័ន្ធក្រុមហ៊ុន អាន (Ant) និងសម្ព័ន្ធក្រុមហ៊ុន អាលីបាបា (Alibaba) របស់គាត់អស់ជិត ១ពាន់ពាន់លានដុល្លារ (១ទ្រីលានដុល្លារអាមេរិក)។
អាជ្ញាធរចិនបាននិយាយកាលចុងសប្តាហ៍មុននេះថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតលើក្រុមហ៊ុន Ant ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបង់ប្រាក់ពិន័យជិត ១ ពាន់លានដុល្លារ។ ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីលោក Ma បានរិះគន់បទប្បញ្ញត្តិរបស់ទីក្រុងប៉េកាំងទាក់ទងនឹងវិស័យហិរញ្ញវត្ថុឆ្នាំ ២០២០។ ការណ៍នេះបានបង្ខំឱ្យក្រុមហ៊ុន Ant បញ្ចប់ការប្រកាសលក់ហ៊ុនជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

ការខាតបង់គឺលើសពីការផាកពិន័យនោះទៅទៀត។ ការបង្ក្រាបរបស់អាជ្ញាធរចិនបានបន្ថយទំនុកចិត្តលើវិស័យឯកជននៅក្នុងប្រទេសចិន ខណៈដែលប្រទេសនេះប្រឈមមុខនឹងភាពទន់ខ្សោយកាន់តែខ្លាំងឡើងនៅគ្រប់ផ្នែក ពោលគឺចាប់ពីការចំណាយរបស់អ្នកប្រើប្រាស់លើទំនិញ និងទីផ្សារអចលនទ្រព្យ រហូតដល់ការនាំចេញ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន Ant បានកែប្រែគំរូអាជីវកម្មរបស់ខ្លួន ដោយដកខ្លួនចេញពីវិស័យដែលមានលក្ខណៈប៉ៈទង្គិច ហើយបានបន្ធូរបន្ថយការប្រកួតប្រជែងជាមួយធនាគារនានាដែលគាំទ្រដោយរដ្ឋ។ ការវាយតំលៃរបស់ក្រុមហ៊ុន ដែលរំពឹងទុកថានឹងមានប្រហែល ៣១៥ ពាន់លានដុល្លារ បន្ទាប់ពីការប្រកាសលក់ហ៊ុនជាសាធារណៈលើកដំបូង បានធ្លាក់ចុះមកនៅត្រឹមប្រហែលជាង ៧៨ ពាន់លានដុល្លារប៉ុណ្ណោះ។
ចំណែកឯក្រុមហ៊ុន Alibaba ក៏មិនមានវាសនាល្អជាងក្រុមហ៊ុន Ant ដែរ។ រដ្ឋបាលរបស់លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) បានកំណត់យកក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកនេះជាគោលដៅនៅក្នុងការបង្ក្រាបអ្នករកស៊ីតាមអ៊ីនធឺណិតដ៏លេចធ្លោនេះ។ ក្រុមហ៊ុន Alibaba បាននិយាយនៅដើមឆ្នាំនេះថា ខ្លួននឹងបំបែកជាអាជីវកម្មធំៗជាចំនួន ៦ ចំណែក។ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Alibaba គឺ ២៣៤ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះប្រហែល ៦២០ ពាន់លានដុល្លារ ពីតម្លៃកំពូលក្នុងឆ្នាំ ២០២០។
ការបាត់បង់ភាពអំណោយផលសម្រាប់លោក Ma បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២០ នៅពេលដែលសហគ្រិនបានសម្ដីរូបនេះ បាននិយាយទៅកាន់អ្នកវិនិយោគ និងមន្ត្រីរដ្ឋាភិបាលប៉េកាំង អំពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិនទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ដែលលោកហៅថាបទប្បញ្ញត្តិអនាធិបតេយ្យដែលនឹងរារាំងការច្នៃប្រឌិតនៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន The Straits Times និង Bloomberg, ទំហំថវិកាដែលខាតបង់ក្នុងអាជីវកម្មរបស់លោក Ma ជាង ៨៥០ ពាន់លានដុល្លារអាមេរិក គឺជាសញ្ញានៃការលំបាកក្នុងការកសាងទំនុកចិត្តឡើងវិញចំពោះអ្នកវិនិយោគអន្តរជាតិ៕
ប្រែសម្រួលដោយ ឯម មាឃ




អត្ថបទបន្ទាប់


ឡាវរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរសរុបបាន៤លាន៦សែននាក់នៅឆ្នាំ២០២៤ខាងមុខ

រដ្ឋាភិបាលឡាវបានបង្ហាញនូវសេចក្តីសង្ឃឹមថា ប្រទេសខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរសរុបយ៉ាងហោចណាស់ចំនួន ៤លាន៦សែននាក់ ដែលអាចនឹងនាំមកនូវប្រាក់…

ទីតាំងអំណោយផលទាំងការរស់នៅ និង ប្រកបអាជីវកម្ម មកស្គាល់គម្រោង ផាក លែន ពោធិ៍ចិនតុង សម្រុកការសាងសង់ ប្រគល់ជូនភ្ញៀវហើយ

គម្រោង ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងលំនៅដ្ឋានស្តង់ដារដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានជួយលើកកម្ពស់តំបន់ពោធិ៍ចិនតុងនេះ អោយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ