គម្រោងកំពង់ផែទឹកជ្រៅ ហុន ក្វាយ ដែលមានតម្លៃជិត៤ពាន់លានដុល្លារអាម៉េរិក ត្រូវបានគេមើលឃើញថា មិនមែនជាគម្រោងសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រសន្តិសុខដ៏សំខាន់របស់វៀតណាម ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ជាពិសេសតាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកម្ពុជា។ លោក ឡេ ហុង ហៀប (Le Hong Hiep) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃកម្មវិធីសិក្សាអំពីវៀតណាម នៅវិទ្យាស្ថាន ISEAS – Yusof Ishak Institute ប្រទេសសិង្ហបុរី បានលើកឡើងថា វៀតណាម កំពុងតាមដានទំនាក់ទំនងរវាងកម្ពុជា និងចិន ដោយក្តីព្រួយបារម្ភ ហើយកំពង់ផែដែលអាចប្រើប្រាស់បានទាំងសម្រាប់វិស័យស៊ីវិល និងយោធា គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងក្តីបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងហាណូយ។
យោងតាមសារព័ត៌មាន Bloomberg ឱ្យដឹងថា គម្រោងខ្នាតយក្សខាងលើនេះ បានក្លាយជាអាទិភាពរបស់វៀតណាម បន្ទាប់ពីកម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រពីចិន និងក្រោយពីចិន បានជួយអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។ មន្ត្រីការពារជាតិវៀតណាមមួយរូបបានប្រាប់សារព័ត៌មាន Bloomberg ថា ការវិវឌ្ឍទាំងនេះបានបង្កការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើងសម្រាប់ទីក្រុងហាណូយ។
ក្រុមអ្នកវិភាគយល់ឃើញថា គម្រោងកំពង់ផែ ហុន ក្វាយ (Hon Khoai) នឹងអនុញ្ញាតឱ្យវៀតណាម ដាក់ពង្រាយនាវាយោធាធំៗ និងតាមដានសកម្មភាពនៅតំបន់ឈូងសមុទ្រថៃ បានកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ វាក៏នឹងជួយរក្សាឥទ្ធិពលសេដ្ឋកិច្ចរបស់វៀតណាម ផងដែរ ប្រសិនបើកម្ពុជា ចាប់ផ្តើមប្រើប្រាស់ផ្លូវដឹកជញ្ជូនថ្មី ហើយកាត់បន្ថយការពឹងផ្អែកលើកំពង់ផែ និងផ្លូវទឹករបស់វៀតណាម។
ទោះជាយ៉ាងណា កម្ពុជា បានបដិសេធជាបន្តបន្ទាប់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះ ដោយមិនមានគោលបំណងប្រើប្រាស់សម្រាប់វិស័យយោធាដូចការព្រួយបារម្ភរបស់ភាគីមួយចំនួននោះឡើយ៕
ដោយ: តែម សុខុម