
ក្រុមហ៊ុនយក្សអាម៉េរិក BlackRock បានជះលុយ២២,៨ពាន់លានដុល្លារ ទិញយកកំពង់ផែចំនួនពីរដែលគ្រប់គ្រងដោយក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង (Li Ka-shing) ដែលស្ថិតនៅចុងសងខាងនៃព្រែកជីកប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា។
ទន្ទឹមនេះ BlackRock ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតក្នុងពិភពលោក ក៏គ្រោងនឹងទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Hutchison ដែលមាននៅក្នុងកំពង់ផែចំនួន៤៣ កំពង់ផែនៅ២៣ប្រទេសផ្សេងគ្នាផងដែរ។
ក្រុមហ៊ុនអាម៉េរិក BlackRock នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Terminal Investment Limited (TiL) ដើម្បីដំណើរការកំពង់ផែទាំងនេះរួមជាមួយក្រុមហ៊ុន Global Infrastructure Partners (GIP) ដែលជាបុត្រសម្ព័ន្ធរបស់ BlackRock។
សូមបញ្ជាក់ថា កំពង់ផែទាំងពីរខាងលើនេះស្ថិតនៅចុងសងនៃព្រែកជីកប៉ាណាម៉ា ហើយវាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង ក្រោមកិច្ចព្រមព្រៀងសម្បទានពីរដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ា ហើយវាបានក្លាយជាឬសគល់នៃការព្រួយបារម្ភរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចំពោះឥទ្ធិពលរបស់មហាយក្សចិន លើផ្លូវទឹកដែលជាច្រកដឹកទំនិញដ៏សំខាន់មួយនេះ។
ក្រុមហ៊ុន Panama Ports Company ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CK Hutchison របស់ លី កាស៊ីង ខាងលើនេះ គ្រប់គ្រងកំពង់ផែចំនួនពីរក្នុងចំណោមកំពង់ផែទាំង៥ នៅតាមបណ្ដោយព្រែកជីកប៉ាណាម៉ា ចាប់តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ តាមរយៈសម្បទានពីរដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ា។
កាលពីចុងខែកុម្ភៈ កន្លងទៅ តុលាការកំពូលរបស់ប៉ាណាម៉ា បានយល់ព្រមពិចារណាលើពាក្យបណ្ដឹងរបស់មេធាវីមួយរូប ដែលស្នើសុំលុបចោល ឬចាត់ទុកជាមោឃៈចំពោះកិច្ចព្រមព្រៀងសម្បទាន ដែលត្រូវបានបន្តកាលពីអំឡុងឆ្នាំ២០២១ រយៈពេល២៥ឆ្នាំបន្ថែមទៀតនេះ ដោយមេធាវីរូបនោះបានលើកឡើងថា កិច្ចព្រមព្រៀងសម្បទានដ៏ចម្រូងចម្រាសនេះផ្ទុយពីរដ្ឋធម្មនុញ្ញ៕
ដោយ: តែម សុខុម