
ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing កំពុងស្វះស្វែងរកអ្នកទិញយន្ដហោះ៥០គ្រឿង ដែលត្រូវបានចិនបញ្ជូនមកវិញដោយសារតែសម្ពាធពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយនេះបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ខ្លួននឹងអាចរកបានអ្នកទិញផ្សេងទៀតសម្រាប់យន្តហោះទាំង៥០គ្រឿងដែលចិន បញ្ជូនត្រលប់មកវិញនេះ ប៉ុន្តែក្រុមហ៊ុននេះអះអាងថា ខ្លួនកំពុងបញ្ចុះបញ្ចូលប្រធានាធិបតី ដូណាល់ ត្រាំ ដោយផ្ទាល់ឱ្យជួយដោះស្រាយស្ថានភាពដ៏អាក្រក់នេះ។
លោក ខេលី អូតបឺក (Kelly Ortberg) នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានថ្លែងថា លោកសង្ឃឹមថា ពន្ធគយដ៏ចម្រូងចម្រាសទាំងនេះនឹងត្រូវបានដោះស្រាយនៅទីបញ្ចប់។ លោកបានលើកឡើងបែបនេះអំឡុងពេលជជែកជាមួយក្រុមវិនិយោគិន កាលពីថ្ងៃពុធ ទី២៣ ខែមេសា ក្រោយពីក្រុមហ៊ុន Boeing បានរាយការណ៍ពីការខាតបង់ប្រមាណ៣១លានដុល្លារ នៅត្រីមាសទី១ ដើមឆ្នាំ២០២៥ បើធៀបនឹងការខាត់បង់៣៥៥លានដុល្លារកាលពីឆ្នាំមុន។
លោក ក៏បានគូសបញ្ជាក់ដែរថា ទាំងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដែលជាគូប្រជែងធំរបស់ខ្លួនសុទ្ធតែចូលចិត្តធ្វើអាជីវកម្មដោយគ្មានពន្ធ ខុសពីលោក ដូណាល់ ត្រាំ ដែលជឿថា ពន្ធគយនឹងជួយស្ដារផលិតកម្មរបស់សហរដ្ឋអាម៉េរិក ឱ្យមានឥទ្ធិពលគ្របដណ្ដប់ពាសពេញពិភពលោកឡើងវិញ ដែលផ្ទុយពីការយល់ឃើញរបស់អ្នកជំនាញសេដ្ឋកិច្ចភាគច្រើន៕
ដោយ: តែម សុខុម