អត្ថន័យ​នៃ​ជីវិត

សៀវភៅ​ដែល​ធ្វើ​ឲ្យ ប៊ីល ហ្គេតស៍ អាន​ហើយ​ស្រក់​ទឹក​ភ្នែក !


មហាសេដ្ឋី​ពិភពលោក ប៊ីល ហ្គេតស៍ (Bill Gates) ថ្មីៗ បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​ដាក់​ចំណង​ជើង​អត្ថបទថា «សៀវភៅ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់ទឹកភ្នែក»។ តើ​ជា​សៀវភៅ​អ្វី? កម្សត់​ណាស់​ទៅ​ឬ រហូត​ដល់​ធ្វើ​ឲ្យ ប៊ីល ហ្គេតស៍ យំ?
សហស្ថាបនិក Microsoft
ដោយ

នៅ​ក្នុង​អត្ថបទ លោក ប៊ីល ហ្គេតស៍ ផ្ដើម​ដោយ​ពាក្យ​ពីរ​ឃ្លា ! «ជីវិត​មនុស្ស​គ្រប់រូប​មាន​តម្លៃ​ស្មើ​គ្នា។ ប៉ុន្តែ ការស្លាប់​ខ្លះ​ហាក់ដូច​ជា​ឃោរឃៅ​ខ្លាំង​ណាស់»។ 

សៀវភៅ​ដំណើរ​ជីវិត​ដ៏​កម្សត់​ ដែល​ធ្វើ​ឲ្យ​លោក ប៊ីល ហ្គេតស៍ ស្រក់​ទឹក​ភ្នែក និង​ពោល​សរសើរ មាន​ចំណង​ជើងថា«When Breath Becomes Air» ឬ​អាច​ប្រែជាភាសា​ខ្មែរ​ថា «នៅ​ពេល​ដង្ហើម​ប្រែ​ក្លាយ​ជា​ខ្យល់»។

សៀវភៅ​នេះ​ រៀបរាប់​អំពី​ដំណើរជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ​ឈ្មោះ Paul Kalanithi (ផូល ខាឡានីធី) ដែល​ជា​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ផង និង​ជាអ្នក​និពន្ធ​ផង។ ប៉ុន្តែ លោក​ទទួល​មរណភាព​ក្នុង​វ័យ​ត្រឹម ៣៦ឆ្នាំ ដោយសារ​ជំងឺ​មហារីក​សួត។ 

នៅ​ឆ្នាំ​២០១៣ លោក​ ខាឡានីធី បាន​ពិនិត្យ​រោគវិនិច្ឆ័យ​ឃើញថា ខ្លួន​កើត​ជំងឺ​មហារីក​សួត​ដែល​មិន​អាច​ព្យាបាល​ជាបាន។ គ្រានោះ លោក​អាយុ​ទើប ៣៦ឆ្នាំ ដែល​ហៀប​នឹង​ចូលរួម​ផ្ដល់​វិភាគទាន​ដ៏​ធំ​ធេង​ដល់​ពិភព​លោក ជាមួយ​នឹង​ខួរក្បាល និង​ដៃទាំងពីរ​របស់​លោក។

ខាឡានីធី ជា​វេជ្ជបណ្ឌិត​ដ៏​ជំនាញ​ផង និង​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​ឆ្លាត​វៃផង។ ការស្រាវជ្រាវ​ថ្នាក់​បណ្ឌិត​របស់​លោក ស្ដីពី​វិធី​ព្យាបាល​ហ្ស៊ែន បាន​ធ្វើ​ឲ្យ​លោក​ទទួល​ពានរង្វាន់​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុងវិស័យ​ស្រាវជ្រាវ​នេះ។ 

សៀវភៅ​ «When Breath Becomes Air» នេះ​ហើយ ធ្វើ​ឲ្យ ប៊ីល ហ្គេតស៍ អាន​ហើយ​ស្រក់​ទឹកភ្នែក។

មិន​តែ​ប៉ុណ្ណោះ ខាឡានីធី ក៏​ជា​អ្នក​និពន្ធ​ដ៏​អស្ចារ្យ​ផង​ដែរ។ នៅ​មុន​ពេល​ចូលរៀន​សាលាពេទ្យ លោក​ទទួល​បាន​សញ្ញាបត្រ​ពីរ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស ពី​សាកលវិទ្យាល័យ Stanford និង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​អាជីព។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ ! ពិភព​លោក​បាន​បាត់បង់​មនុស្ស​ពូកែ​​មួយ​រូប។ 

នៅ​ក្នុង​សៀវភៅ «នៅ​ពេល​ដង្ហើម​ប្រែ​ក្លាយ​ជា​ខ្យល់» ខាឡានីធី​ រៀបរាប់​អំពី​ដំណើរជីវិត​របស់​ខ្លួន ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​ផង ជា​អ្នក​ជំងឺ​ខ្លួន​ឯង​ផង និង​ក្នុង​តួនាទី​ជាប្ដី​មួយ​រូប​ផង។ ចំណុច​នៃ​សាច់រឿង​ដែល​ធ្វើ​ឲ្យ​លោក ប៊ីល ហ្គេតស៍ យំ គឺ​ត្រង់​ដែល ខាឡានីធី និង​ប្រពន្ធ​ សម្រេច​ចិត្ត​យក​កូន បើ​ទោះបី​ជា​ដឹង​ខ្លួន​ថា​មាន​ជំងឺ​មហារីក​ព្យាបាល​មិន​ជាក្ដី។ ខាឡានីធី មាន​ជីវិត​រស់​រហូត​ដល់​កូន​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ ប៉ុន្តែ ដោយសារ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង គាត់​មិន​អាច​សូម្បី​តែ​ពរ​កូន​តូច​ជា​ទីស្រលាញ់​របស់​គាត់​មក​ផ្អឹប​នឹង​ដើមទ្រូង​បាន។ ៨​ខែ​ក្រោយ​ពីកូន​កើត​មក ខាឡានីធី ក៏បាន​លា​ចាក​លោក។ 

លោក ប៊ីល ហ្គេតស៍ សរសេរ​នៅ​ក្នុង​អត្ថបទ​លោក​ថា ពេល​អាន​សៀវភៅ​នេះ លោក​ក្ដុក​ក្ដួល​ជាខ្លាំង ហើយ​សូម្បី​ភរិយា និង​កូនស្រី​លោក​ក៏​ដូចគ្នា​ដែរ។ លោក ហ្គេតស៍ ថា ក្រៅ​ពី​កម្សត់​រឿង​នេះ​ក៏​បង្ហាញ​អត្ថន័យ​ជា​ច្រើន​ស្រទាប់ ដូចជា ជីវិត​ និង​សេចក្ដី​ស្លាប់ អ្នក​ជំងឺ​និង​គ្រូពេទ្យ កូន​ប្រុស និង​ឪពុក ការងារ​និងគ្រួសារ ភក្ដីភាព និង​ហេតុផល ជាដើម។ 

លោក ប៊ីល ហ្គេតស៍ បាន​អាន​សៀវភៅ​នេះ​ចប់​មួយ​សា​ហើយ ប៉ុន្តែ លោកថា លោក​នឹង​អាន​វា​ជា​ថ្មី​ម្ដង​ទៀត៕




អត្ថបទបន្ទាប់


អឺរ៉ុប​ចាប់​ផ្តើម​លេង​ធម៌ក្តៅ​រឹតត្បិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ផ្សេងៗ​ដែល​មាន​សារធាតុ​គីមី

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​នាំចូល​អង្ករ ទៅ​កាន់​ប្រទេស​របស់​ខ្លួន ដោយ​បាន​កម្រិត​ឲ្យ​កាត់​បន្ថយ​និង​លុប​បំបាត់​ការ​ប្…

សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ៖ ពិដាន​អត្រា​ការប្រាក់​កម្ចី​​១៨%​អត់​បញ្ហា​ទេ!

គ្មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ណា​មួយ​ក្ស័យ​ធន ឬ​ក៏​បិទ​ទ្វារ​អាជីវកម្ម​ដូច​ដែល​បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ